លោក សេដ្ឋា នាយករដ្ឋមន្ត្រីថៃ ទទួលយកតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ចំពេលមានកំណើនសេដ្ឋកិច្ចតិចតួច

ថៃ៖ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា កន្លងទៅនេះ ក្នុងគណៈរដ្ឋមន្ត្រី ដែលត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្រ ខណៈដែលមហាសេដ្ឋីអចលនទ្រព្យ ស្វះស្វែងរកការជំរុញដល់សេដ្ឋកិច្ចធំទី២ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងអនុវត្តនូវការសន្យាសំខាន់ៗ ពេលធ្វើយុទ្ធនាការ។

ដោយសារតែការនាំចេញ និងការវិនិយោគកាន់តែទាបទៅៗ សេដ្ឋកិច្ចរបស់ប្រទេសថៃ បាន និងកំពុងធ្លាក់ចុះ ហើយធនាគារកណ្តាល បាននិយាយកាលពីខែមុនថា ការព្យាករណ៍ពេញមួយឆ្នាំ សម្រាប់កំណើន ៣,៦ភាគរយ អាចទាបជាងចំនួននេះ។

សម្រាប់អ្នកនយោបាយចំណូលថ្មី ដែលបានក្លាយជានាយករដ្ឋមន្ត្រី កាលពីខែមុន ការស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញ នឹងក្លាយជាការតព្វកិច្ចដ៏ធំបំផុតមួយ បន្ទាប់ពីប្រទេសមួយនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ដ៏យូរ ក្រោយការបោះឆ្នោត កាលពីខែឧសភា។

គណៈរដ្ឋមន្ត្រីថ្មី ដែលត្រូវបានបង្ហាញក្នុងព្រះរាជសារប្រកាសព័ត៌មានពីបរមរាជវាំង ដោយព្រះមហាក្សត្រ Maha Vajiralongkorn ទ្រង់បានរាជានុញ្ញាតនោះ នឹងឃើញគណបក្សភឿថៃ (Pheu Thai) របស់លោក សេដ្ឋា ដែលគាំទ្រដោយគ្រួសារមហាសេដ្ឋី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ កាន់តំណែងក្នុងក្រសួងការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស។

បន្ទាប់ពីលោក សេដ្ឋា អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Sansiri ទទួលបានជោគជ័យ នៅក្នុងបោះឆ្នោតសភា កាលពីខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ការប្រកាសគណៈរដ្ឋមន្ត្រីថ្មីនេះ ធ្វើឡើងបានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ។ គណបក្សភឿថៃ នឹងកាន់កាប់ក្រសួងនានាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច ដែលនឹងមានសារៈសំខាន់ ក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន ដោយក្នុងនោះរួមទាំងការផ្គត់ផ្គង់ប្រាក់ចំនួន ១០.០០០បាត (២៨៥,៦៣ដុល្លារ) ក្នុងទម្រង់ជារូបិយប័ណ្ណឌីជីថលផងដែរ។

ដៃគូសម្ព័ន្ធភាពធំជាងគេរបស់គណបក្សភឿថៃ គឺគណបក្សភូមិចៃថៃ (Bhumjaithai) ដែលល្បីល្បាញសម្រាប់ការតស៊ូមតិលើការប្រើប្រាស់កញ្ឆា នឹងគ្រប់គ្រងក្រសួងអប់រំ មហាផ្ទៃ និងក្រសួងការងារ។ រីឯគណបក្សអភិរក្ស និងគាំទ្រយោធា នឹងដឹកនាំក្រសួងថាមពល និងបរិស្ថាន។

លោក សេដ្ឋា និងគណៈរដ្ឋមន្ត្រី ដែលមានរដ្ឋមន្ត្រីចំនួន៣៣រូប នឹងធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភក្ត្ររបស់ព្រះមហាក្សត្រ បន្ទាប់មកថ្លែងសុន្ទរកថាពីគោលនយោបាយ នៅសភា មុនពេលរដ្ឋាភិបាលថ្មីនេះ ចាប់ផ្តើមការងាររបស់ខ្លួន ក្នុងខែនេះ។ លោកបានបន្តថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ នឹងដោះស្រាយបញ្ហាតម្លៃរស់នៅ ដោយកាត់បន្ថយថ្លៃអគ្គិសនី និងឧស្ម័ន ហើយនិងការបន្ធូរបន្ថយច្បាប់នៃទិដ្ឋាការចូល សម្រាប់ភ្ញៀវចិន ដើម្បីជំរុញវិស័យទេសចរណ៍៕