ខំសាងឲ្យចេញប្រភេទចំណូលទាំង៨ (Strive to build 8 types of income)
តើរាល់ថ្ងៃនេះខ្លួនយើង មានប្រភពចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន យើងគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។
ប្រការយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឲ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលខ្លួនកំពុងមាន៖
១. ចំណូលបានពីការធ្វើការងារ (Earned Income)
ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងមិនអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះទេ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ យើងគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារយើង។
២. ចំណូលបានពីប្រាក់ចំណេញ (Profits Income)
ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ យើងត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ និងមានត្រៀមផែនការយុទ្ធសាស្ត្រឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ។ និយាយទៅពិបាក ហើយហត់បន្តិច ប៉ុន្តែអាចទទួលបានប្រាក់ចំណេញមកវិញច្រើនដែរ។
៣. ចំណូលបានពីអត្រាការប្រាក់ (Interest Income)
ប្រសិនបើយើងមានគណនីសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ យើងប្រាកដជាស្គាល់ច្បាស់ពីប្រភេទ ចំណូលមួយនេះជាមិនខាន។ ចំណូលប្រភេទនេះ បានមកពីការផ្ដល់ការប្រាក់បន្ថែមលើប្រាក់ដើមរបស់យើង ដែលបានដាក់បញ្ញើនៅធនាគារណាមួយក្នុងរយៈពេលណាមួយ និងបានទៅតាមចំនួនប្រាក់បញ្ញើ និងប្រភេទគណនីរបស់យើង។ បើក្រៅផ្លូវការវិញ យើងក៏អាចធ្វើការផ្ដល់កម្ចីទៅឱ្យនរណាម្នាក់ដែលយើងស្គាល់ច្បាស់ ដើម្បីទទួលបានការប្រាក់ផងដែរ ប៉ុន្តែប្រយ័ត្នគេបោកដែរណា?
៤. ចំណូលបែប Royalty (Royalty Income)
ចំណូលប្រភេទនេះ គឺយើងនឹងទទួលបាននៅពេលដែលមាននរណាម្នាក់ទិញយកគំនិត ឬភាពច្នៃប្រឌិតរបស់យើង ឬការបង្កើតថ្មីរបស់យើងជាដើម។ ចំណូលប្រភេទនេះ ក៏រាប់បញ្ចូលទាំងការលក់សិទ្ធិអាជីវកម្ម សិទ្ធិក្នុងការបោះពុម្ពស្នាដៃដើម្បីលក់ ការបង្រៀនតាមអនឡាញ ឬការលក់គម្រោងអាជីវកម្មទៅឱ្យនរណា ម្នាក់ផងដែរ។
៥. ចំណូលបានពីភាគលាភ (Dividend Income)
ជាទូទៅ យើងអាចទទួលចំណូលប្រភេទនេះបាន លុះត្រាតែយើងបានទិញភាគហ៊ុន ឬមានភាគហ៊ុននៅក្នុង ទីផ្សារភាគហ៊ុន។ វាជាប្រភេទចំណូលមួយដែលបានពីការវិនិយោគផ្សារភាគហ៊ុនក្នុងរយៈពេលវែងមួយ ប៉ុន្ដែ វាអាចនឹងមានហានិភ័យខ្ពស់ផងដែរ។ ផ្ទុយទៅវិញ ហានិភ័យនេះនឹងមានតិចវិញ ប្រសិនបើយើងមានចំណេះដឹងស្ដីពីការវិនិយោគ ហិរញ្ញវត្ថុ និងអាចយល់បានច្រើនពីលក្ខខណ្ឌទីផ្សារដែលចង់វិនិយោគ។
៦. ចំណូលបានពីការដាក់ជួលអចលនទ្រព្យ (Rental Income)
យើងអាចបង្កើតចំណូលប្រភេទនេះ តាមរយៈការដាក់ជួលអចលនទ្រព្យ (ដី, អាគារ, ការិយាល័យ, ផ្ទះ…) ដែលអាចផ្ដល់ប្រាក់ចំណូលជាប្រចាំដល់យើងជាប្រចាំខែ ឬឆ្នាំ។ ជាទូទៅ នៅក្នុងការវិនិយោគអចលនទ្រព្យ ដើម្បីអាចបង្កើតប្រាក់ចំណេញកាន់តែច្រើន យើងគួរស្វែងរកអចលនទ្រព្យណាដែលមានសក្ដានុពល និងមានតម្លៃក្រោមទីផ្សារ ឬលក់ក្នុងតម្លៃ Discounted ជាដើម ដើម្បីទិញទុក ដាក់ជួល ឬលក់នៅពេលដែលតម្លៃកើនឡើង ប៉ុន្តែទីតាំងពិតជាសំខាន់ ព្រោះទីតាំងល្អអាចជួលបានថ្លៃ។
៧. ចំណូលបានពីការកើនឡើងតម្លៃទ្រព្យ (Capital Gains Income)
នៅពេលដែលអចលនទ្រព្យដែលយើងបានទិញទុកមានការកើនតម្លៃ ឬអាជីវកម្មដែលយើងកំពុងកាន់កាប់ កំពុងកើនតម្លៃ នោះចំណូលរបស់យើងក៏អាចនឹងកើនឡើងបានដែរពីការកើនឡើងតម្លៃនេះ។ ប្រសិនបើយើងជា ម្ចាស់អចលនទ្រព្យ យើងអាចដាក់ជួលដើម្បីបង្កើតប្រាក់ចំណូលបន្ថែមដល់យើង ហើយក៏អាចរង់ចាំរហូតដល់តម្លៃអចលនទ្រព្យនោះកើនតម្លៃថ្លៃ នោះយើងក៏អាចចំណេញពីការកើនតម្លៃនេះបានផងដែរ ពោលគឺព្រួញមួយបាញ់បានចាបពីរ។
៨. ចំណូលបែប Residual (Residual Income)
លក្ខណៈនៃចំណូលប្រភេទនេះគឺយើងអាចទទួលចំណូលជាដរាប បន្ទាប់ពីយើងធ្វើការងារមួយនេះពីផ្តើមដំបូងមកហើយ។ ឧទាហរណ៍ ដូចជាការនិពន្ធសៀវភៅ។ យើងអាចចំណាយពេលត្រឹមតែ១ខែ ឬ១ឆ្នាំ ដើម្បីសរសេរសៀវភៅមួយក្បាល ក្រោយមកយើងអាចបោះពុម្ព និងលក់វា ដោយបង្កើតប្រាក់ចំណូលជាបន្ដបន្ទាប់ ដោយគ្មានកាលកំណត់ ពោលគឺដរាបណាយើងនៅតែបន្ដលក់ យើងនៅតែបន្ដបង្កើតប្រាក់ចំណូល។ ចំណូលប្រភេទនេះ ទាល់តែយើងមានចំណេះ និងជំនាញខាងផ្នែកនេះផ្ទាល់។