ប្រធានាធិបតីទី៩ របស់សិង្ហបុរីទទួលជ័យជម្នះដ៏ច្រើនលើសលុបរហូតដល់៧០,៤ភាគរយ លោក Tharman  Shanmugaratnam

សិង្ហបុរី៖ ក្រោយពីទទួលបានជ័យជម្នះដ៏ច្រើនលើសលុបដោយទទួលបានសំឡេង ៧០,៤ ភាគរយ លោក Tharman Shanmugaratnam នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសសិង្ហបុរី ។

ក្រោយពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលចុងក្រោយ ដែលត្រូវបានប្រកាសដោយមន្ត្រីរៀបចំការបោះឆ្នោតភ្លាមៗ ដោយរុញឱ្យលោក Ng Kok Song ស្ថិតក្នុងលំដាប់ទី២ ដែលទទួលបាន ១៥,៧២ ភាគរយ តាមពីក្រោយដោយលោក Tan Kin Lian ដែលទទួលបាន ១៣,៨៨ ភាគរយ។ មានសន្លឹកឆ្នោតបដិសេធចំនួន ៥០.១៥២សន្លឹក ដែលបានបង្ហាញ១,៩៨ ភាគរយនៃការរាប់សន្លឹកឆ្នោតសរុប។ តួលេខនេះ ពុំមានការប្រែប្រួលច្រើនពីការរាប់គំរូដំបូងដែលបេក្ខជនទាំងបីរូបនេះ បានទទួលសំឡេងឆ្នោត ៧០ភាគរយ ១៦ភាគរយ និង១៤ ភាគរយម្នាក់ៗ។

លោក Eugene Tan សាស្ត្រាចារ្យរង មកពីសាលាច្បាប់នៃសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី (SMU)បាននិយាយថា នេះបានបង្ហាញថា អ្នកបោះឆ្នោតបានទុកមួយឡែកនូវការខ្វែងគំនិតគ្នាខាងនយោបាយរបស់ពួកគេនៅពេលពួកគេបោះឆ្នោតឱ្យលោក Tharman នៅក្នុងការបោះឆ្នោតស្ទង់មតិកាលពីថ្ងៃសុក្រ។

លោកបាននិយាយតាមទូរទស្សន៍ CNA លើកម្មវិធីពិសេសស្តីពីការបោះឆ្នោតប្រធានាធិបតីថា យើងកំពុងសម្លឹងមើលប្រជាជនសិង្ហបុរីជាងពីរភាគបី ដែលបានបោះឆ្នោតឱ្យលោក Tharman ដែលមានន័យថាលោកនឹងទទួលបានសំឡេងឆ្នោតពីប្រជាជននៅទូទាំងវិសាលគមនយោបាយ ទោះបីជានេះពុំមែនជាការប្រកួតប្រជែងនយោបាយក៏ដោយ។ សំខាន់ជាងនេះទៅទៀត នេះពិតជាការរួបរួមរបស់ប្រជាជនសិង្ហបុរី។ ការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមបន្ទាប់ពីការិយាល័យបោះឆ្នោត បានបិទទ្វារនៅម៉ោង ៨ យប់ ដោយប្រជាជនសិង្ហបុរីជាង ២.៧ លាននាក់ ត្រូវបានគេរំពឹងថាបានមកបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីដែលមានប្រកួតប្រជែងលើកដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ ២០១១មក ។