គ្រោះថ្នាក់ចរាចរណ៍ពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញនៅស្រុកសាមគ្គីមុនីជ័យ កម្មករ កម្មារិនី ប្រមាណ៥១នាក់ បានរងរបួស

កំពង់ស្ពឺ៖ កម្មារិនីចំនួន៦៣នាក់ យ៉ាងហោចណាស់៥១នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជិះរថយន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា។ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូ  ត្រង់ចំណុចភូមិអន្លុងចំណារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


មុនកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក HYUNDAI ពណ៌ស  ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1479 បើកបរដោយឈ្មោះ ណែម រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ បើតាមនគរបាលមូលដ្ឋាន បានឱ្យដឹង។


ឃើញថា រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស  ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1479 បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកបរមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ដមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-6706 បើកបរដោយឈ្មោះ រ៉ឹម រុំ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ (ដឹកកម្មករកម្មការិនីចំនួន៦៣នាក់ទើបចេញពីធ្វើការត្រឡប់ទៅលំនៅដ្ឋានវិញ) ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង។


ប្រភពបានបន្តទៀតថា ឧបទ្ទវហេតុគ្រោះថ្នាក់នេះ បានធ្វើឱ្យកម្មករ កម្មការិនីដែលជិះលើរថយន្តប្រមាណ ៥១នាក់ បានរងរបួស ក្នុងនោះមាន ៤៥នាក់ស្រាល ៦នាក់ រងរបួសធ្ងន់។ ភ្លាមៗនោះ មន្ត្រីជំនាញ បានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មកដឹកអ្នករងរបួសទៅសង្គ្រោះបន្ទាន់ផងដែរ។


បច្ចុប្បន្នវត្ថុតាងរថយន្ដទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែន ដើម្បីចាត់ការបន្តតាមនីតិវិធី៕