ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៨នាក់ ក្រឡាប់រថយន្តដឹកអ្នកដំណើរ

ពោធិ៍សាត់ ៖ ហេតុការណ៍ ក្រឡាប់រថយន្តដឹកអ្នកដំណើរ ដោយសារបើកបរល្បឿនលឿន ផ្លូវកោង ស្របពេលដែលមេឃកំពុងភ្លៀងរលឹម ហ្វ្រាំងរអិលបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវលើសួនទ្រូងផ្លូវ ក្រឡាប់ខ្លួនឯង អ្នកបើកបររបួសស្រាល បានរត់គេចខ្លួនបាត់ ឯបុរសម្នាក់បានស្លាប់ ចំណែកមនុស្ស៨នាក់ទៀត ស្រី៣នាក់ រងរបួសធ្ងន់ស្រាល ។

កាលពីវេលាម៉ោង៤និង២៨នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវជាតិលេខ៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០ និង១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើតាមលោកស្នងការរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាវេលាម៉ោងខាងលើ ស្របពេលដែលមេឃកំពុងភ្លៀងរលឹម មានរថយន្ដម៉ាកTOYOTA ហាយយ៉ាស មួយគ្រឿង ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-8834 បានដឹកអ្នកដំណើរ បើកល្បឿនលឿនពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង ហ្វ្រាំងរអិលរថយន្ត ក្រឡាប់ជ្រុលទៅបុកនឹងខឿនចែកទ្រូងផ្លូវ រួចបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស០៧នាក់ ។

ក្នុងចំណោមជនរងគ្រោះទាំងអស់មានម្នាក់បានបាត់បង់ជីវិតមានឈ្មោះ អ៊ុល វាសនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បានស្លាប់ ពេលបញ្ចូនដល់មន្ទីរពេទ្យ ។ អ្នកទី២ ឈ្មោះ លីវ ឆេងអ៊ួ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ។ អ្នកទី៣ ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។ អ្នកទី៤ ឈ្មោះ ទី វីណា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។ អ្នកទី៥ ឈ្មោះ គឹម ផាត់ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។ អ្នកទី៦ ឈ្មោះ នឿន ស្រីណាក់ ភេទស្រី ជនជាតិខ្មែរ ទាំង៥នាក់រងរបួសធ្ងន់។ អ្នកទី៧ ឈ្មោះ សាវន ឆវ័ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ អ្នកទី៨ ឈ្មោះ យាត សំអាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់រងរបួសស្រាល។

មានប្រភពបន្តថា ហេតុការណ៍កើតឡើងភ្លាមៗ បានឃើញវត្តមានរបស់លោកអភិបាលខេត្ត ខូយ រីដា បានដឹកនាំកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដោយឡែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកអ្នកបើកបររថយន្ត របួសស្រាលបានរត់គេចខ្លួនបាត់ ។

សពជនរងគ្រោះម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕