ប្រវត្តិរបស់តេងស៊ាវភីងបិតាកំណែទម្រង់សេដ្ឋកិច្ចចិន ទ្រឹស្តីរបស់លោក ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង

I-ជីវៈប្រវត្តិសង្ខេបរបស់​លោក តេងស៊ាវភីង

តេង ស៊ាវភីង កើត​នៅ​ឆ្នាំ១៩០៤ នៅ​ក្នុង​ត្រកូល​អ្នក​មាន​មធ្យម​មួយ នៅ​ស្រុក​គ័ងអាន ខេត្ត​ស៊ីឈ័ន។ នៅពេលនោះ​ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រាជវង្សឆេង (Qing) ហើយ​សែស្រឡាយ​នៃ​ត្រកូល​តេង ធ្លាប់​ជា​អ្នក​មាន​កូនចៅ​ធ្វើ​ជា​មន្រ្តី ហេតុដូច្នេះហើយ​បាន​ជា​ឪពុក​របស់​តេង ស៊ាវភីង បាន​ខិតខំ​ផ្ចុងផ្តើម​កូន​ឲ្យ​បាន​រៀនសូត្រ ក្នុងក្តីស្រមៃ​ចង់​ឃើញ​កូនប្រុស​ក្នុង​ត្រកូល​បាន​ក្លាយ​ជា​មន្រ្តី​ខ្ពស់។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​តេង ស៊ាវភីង ទើប​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​សាលាបាន​មួយឆ្នាំ រាជវង្សឆេង​ត្រូវ​ដួលរលំ នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩១១។ របបរាជានិយម​ត្រូវ​គេ​រំលាយ​ចោល ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ហើយមុខងារ​ជា​មន្រ្តី​ក៏​ត្រូវ​គេលុបចោល។ តែទោះជាយ៉ាងណា ឪពុក​របស់​តេង ស៊ាវភីង មិនបាន​បោះបង់​ចោល​គំនិត​ចង់​ឲ្យ​កូន​ទទួល​បាន​ការ​រៀនសូត្រ​ខ្ពង់ខ្ពស់​នោះដែរ។

ដោយ​ការ​ប្រឹងប្រែង ភាពឆ្លាតវៃ ព្រមទាំង​ការ​ទំនុកបម្រុង​ពី​ឪពុក តេង ស៊ាវភីង បាន​ប្រឡង​ជាប់ជាបន្តបន្ទាប់ រហូត​ដល់​ថ្នាក់​វិទ្យាល័យ ហើយ​នៅ​ឆ្នាំ​១៩១៩ តេង ស៊ាវភីង មាន​ឱកាស​ថ្មីមួយទៀត គឺ​ការ​បន្តការសិក្សា​នៅ​បរទេស។ នៅពេលនោះ អ្នកមាន​ម្នាក់​នៅ​ខេត្ត​ស៊ីឈ័ន ដែល​ធ្លាប់​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង បាន​បង្កើត​អាហារូបករណ៍​ពិសេសមួយ ដើម្បី​ជួយ​អ្នក​ស៊ីឈ័ន​ឲ្យ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​ដូចខ្លួន។ អ្នក​ចង់​ទទួល​អាហារូបករណ៍​ត្រូវ​ប្រឡង​ចូល​ថ្នាក់​ត្រៀមដែល​មាន​រយៈពេល​មួយឆ្នាំមុននឹង​ប្រឡងយក​អាហារូបករណ៍។

តេង ស៊ាវភីង បាន​ប្រឡង់​ជាប់ចូល​ថ្នាក់​ត្រៀម ក៏ប៉ុន្តែ ដោយ​មិនសូវ​ពូកែ​​ខាង​ភាសា​បរទេស តេង ស៊ាវភីង ប្រឡង​មិនជាប់​ខាង​ភាសា​បារាំង ហើយ​ក៏​ត្រូវ​ទទួល​បរាជ័យ​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍។ ក៏ប៉ុន្តែ ឪពុក​របស់​តេង ស៊ាវភីងសុខចិត្តចំណាយលុយ​ផ្ទាល់ខ្លួនធ្វើ​ម៉េច​ឲ្យតែ​កូន​អាច​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង។
នៅ​ឆ្នាំ​១៩២០ ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ តេង ស៊ាវភីង រួមជាមួយ​កូនសិស្ស​ប្រមាណ​ជា ៨០នាក់ផ្សេងទៀត បានឡើង​កប៉ាល់ ធ្វើ​ដំណើរ​​ចាកចេញ​ពី​ប្រទេសកំណើត ឆ្ពោះទៅ​កាន់ប្រទេស​បារាំង។ នៅ​ពេលនោះ ការ​ធ្វើ​ដំណើរ​ពី​ចិន​ទៅ​បារាំង ត្រូវ​ចំណាយ​ពេល​រហូតដល់​រាប់ខែ ហើយ​ត្រូវ​ឈប់សំចត​តាមផ្លូវ​ជាច្រើន​កន្លែង ដោយ​កន្លែង​ឈប់សំចត​ទីមួយគឹ​នៅ​ក្រុង​សៀងហៃដែល​ជា​សម្បុក​នៃ​ជនបរទេស​ស្បែកស។

នៅសៀងហៃ តេង ស៊ាវភីង បាន​សង្កេតឃើញ​ជនជាតិចិន ដែល​ជា​ម្ចាស់ស្រុក ត្រូវ​ពួក​បរទេស​មើលងាយមើលថោក​ដូចទាសករ ហើយ​ទិដ្ឋភាព​បែបនេះក៏​កើតមាន​ដែរ នៅ​តាម​ទីកន្លែងផ្សេងទៀត​ ដូចជា ហុងកុង វៀតណាម សិង្ហបុរី និង​ស្រីលង្កា ដែល​កប៉ាល់​របស់​តេង ស៊ាវភីង​ត្រូវ​ឈប់សំចត។ រូបភាព​​នៃ​ភាព​អយុត្តិធម៌​អស់ទាំងនេះ​បាន​ដក់ជាប់​នឹង​ផ្នត់គំនិត​របស់​តេង ស៊ាវភីង ក៏ដូចជា​កូនសិស្ស​ចិន​ផ្សេងទៀត ហើយ​វាជា​ឫសគល់​មួយ នៃ​ផ្នត់គំនិត​បដិវត្តន៍​របស់​តេងស៊ាវភីងនៅពេល​ក្រោយមកទៀត។

ទៅដល់​បារាំង តេង ស៊ាវភីង បាន​ទៅ​រៀន​នៅ​ឯ​តំបន់​ណរម៉ង់ឌី (ខាងជើង​ប្រទេស​បារាំង) ហើយ​ដូចជា​កូនសិស្ស​ចិន​ភាគច្រើន​ផ្សេងទៀត តេង ស៊ាវភីង ត្រូវ​រៀន​បណ្ដើ និង​ធ្វើការ​បណ្ដើ ដើម្បី​យក​លុយ​ចិញ្ចឹមជីវិត។ នៅពេលនោះ បារាំង​ទើប​នឹង​ងើប​ចេញ​ពី​សង្រ្គាម​លោក​លើកទី១ ហើយ​​សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង។ តម្លៃ​ទំនិញ​សព្វសារពើ​ក៏​ខ្ពស់ ហើយ​ការងារ​ក៏​ពិបាករក។ ការងារ​ដែល​កូនសិស្ស​ចិន​អាច​រក​បាន​ធ្វើ​ គឺ​សុទ្ធសឹង​ជា​ការងារ​ប្រើ​កម្លាំងទទួល​បាន​ប្រាក់ឈ្នួល​តិចហើយ​គ្មាន​ភាព​ថ្លៃថ្នូរដែល​ជនជាតិ​បារាំង​មិនចង់​ធ្វើ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ និស្សិតចិន​ជាច្រើន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានតំណាង​ចិន ក្នុងក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយគិតគូរ​ដល់​ជីវភាព​របស់​ពួកគេ ក្នុងហេតុផល​ថា អ្វី​ដែល​ពួកគេ​កំពុងធ្វើនៅបារាំង គឺ​រៀនសូត្រ​យក​ចំណេះដឹង​ទៅ​ជួយ​អភិវឌ្ឍ​ប្រទេស។ ក៏ប៉ុន្តែ ការទាមទារ​របស់​ពួកគេ​ត្រូវ​បាន​តំណាង​រដ្ឋាភិបាល​ចិន​ធ្វើ​មិនដឹងមិនឮ ហើយ​លើសពីនេះ​ទៅទៀត មេដឹកនាំ​បាតុកម្ម​ខ្លះ​ត្រូវ​បាន​ប៉ូលិស​បារាំង​ចាប់ខ្លួន ដោយខ្លះ​ត្រូវ​បាន​បណ្តេញ​​ឲ្យ​ទៅ​កាន់​ប្រទេស​ចិនវិញ។

កំហឹង​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​និស្សិត​ចិន​ខ្លះ​កើត​​គំនិត​ចង់​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ចិន​នៅពេលនោះ ដែល​ពួកគេ​គិត​ថា ជា​រដ្ឋាភិបាល​ដែល​កំសាក គ្មាន​សមត្ថភាព និង​មិនគិតគូរ​ពី​ធនធាន​មនុស្ស ដែល​ជា​ទំពាំង​ស្នងឫស្សី។ នៅ​ក្នុង​បរិបទ​នោះ​ហើយ ដែល​និស្សិតចិន​មួយ​ចំនួន​ធំ ក្នុងនោះ ក៏​រួមមាន​ទាំង តេង ស៊ាវភីង​ផង ចាប់ផ្តើម​មាន​ទំនោរទៅរក​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត ដែល​ជា​មនោគមន៍​វិជ្ជា​កំពុងតែ​រីកដុះដាល​ខ្លាំង នៅ​ក្នុង​​ប្រទេស​បារាំង ក៏ដូចជា នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប។ នៅ​ឆ្នាំ​១៩២១ តេង ស៊ាវភីង បាន​ចូល​ជាសមាជិក​ចលនា​យុវជន​ចិនកុម្មុយនិស្ត​ប្រចាំ​តំបន់​អឺរ៉ុប ហើយ​បាន​ជួប និង​ស្គាល់​និស្សិត​ចិនមួយរូប ដែល​ក្រោយ​មក​ក្លាយ​ជា​ឥស្សរជន​ដ៏សំខាន់​មួយ​រូប នៃ​បដិវត្តន៍​កុម្មុយនិស្ត​ចិនគឺ​ជូអេនឡាយ។

តាមការពិត​ទៅ នៅ​ក្នុង​ប្រទេស​បារាំង តេង ស៊ាវភីង មិនបាន​រៀន​សូត្រ​ជាប់លាប់​នោះទេ ដោយសារ​តែ​រវល់​ធ្វើការ។ ការងារ​ភាគច្រើន តម្រូវ​ឲ្យ​តេង ស៊ាវភីង ត្រូវ​ផ្អាក​ការ​សិក្សា។ រហូតទាល់តែ​ដល់​ពេល​ធ្វើការ​សន្សំ​លុយ​បាន​ខ្លះហើយ ទើប​ត្រឡប់​ទៅ​រៀនវិញ។ ក៏ប៉ុន្តែ ក្រោយ​ពី​​​រត់ចុះរត់ឡើងជាច្រើន​ដង សាលារៀន​ក៏​​លែងទទួល​​ឲ្យចូលរៀន ចំណែក​ឯ​រោងចក្រ​ធ្លាប់​ធ្វើការ​ក៏​លែង​ទទួល​ឲ្យ​ធ្វើការ។ នៅទីបំផុត​ទៅ តេង ស៊ាវភីង ត្រូវ​ដើរទាត់ខ្យល់ នៅ​ស្រុកបារាំង។ នៅពេលនោះហើយ ដែល​តេង ស៊ាវភីង ចាប់ផ្តើម​ចំណាយពេល​ច្រើន​ ទៅលើ​ការ​សិក្សា​មនោគមន៍វិជ្ជា​កុម្មុយនិស្ត ព្រមទាំង​មាន​ពេល​ចូលរួម​ក្នុង​ចលនា​យុវជន​កុម្មុយនិស្ត​អឺរ៉ុប។

នៅ​ខែ​មិថុនា​ឆ្នាំ​១៩២៣ តេង ស៊ាវភីង បាន​ចូល​ធ្វើការ​នៅ​ការិយាល័យ​កុម្មុយនិស្ត​អឺរ៉ុប ប្រចាំ​ក្រុង​ប៉ារីស។ នៅទីនោះ តេង ស៊ាវភីង ធ្វើការ​ក្រោម​បង្គាប់​របស់ ជូ អេនឡាយ ហើយ​ការងារ​ដ៏សំខាន់​មួយ ក្នុង​ចំណោម​កិច្ចការ​ដែល តេង ស៊ាវភីងធ្វើ គឺ​ការ​បោះពុម្ព​កាសែត​ជាភាសា​ចិន ដែល​គេ​ដាក់​ឈ្មោះ​ថា “ជីគ័ង” (មានន័យថា “ពន្លឺក្រហម”)។

ធ្វើការ​បាន​មួយ​ឆ្នាំ នៅ​ខែ​កក្កដា ឆ្នាំ​១៩២៤ តេង ស៊ាវភីង ដែល​មាន​វ័យ​ត្រឹមតែ ២០ឆ្នាំ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ ព្រមទាំង​ទទួល​បាន​នូវ​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​ចលនា​យុវជន​កុម្មុយនិស្ត​ចិន​ប្រចាំ​តំបន់​អឺរ៉ុប។ តេង ស៊ាវភីង បាន​ចាកចេញ​ពី​ប្រទេស​បារាំង​ទៅ​ម៉ូស្គូ នៅ​ឆ្នាំ​១៩២៥ មុននឹង​វិលត្រឡប់​ទៅកាន់​ប្រទេសចិន​វិញ នៅ​ចុងឆ្នាំ​១៩២៧។ ហើយ​ក្រោយ​មកបាន​ក្លាយជាអ្នករៀបចំនយោបាយ និងយោធាឈានមុខគេនៅក្នុង Jiangxi សូវៀត ដែលជាតំបន់​កុម្មុយនិស្តស្វយ័តមួយនៅភាគនិរតីនៃប្រទេសចិនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៧ដោយលោកម៉ៅ សេទុង​។ចាប់ពីពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៩៥០ តេងគឺជាអ្នកបង្កើតគោលនយោបាយសំខាន់ទាំងក្នុងកិច្ចការបរទេស និងក្នុងស្រុក។ លោកបានក្លាយជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំនិយមអនុវត្តជាក់ស្តែងដូចជា Liu Shaoqiដែលសង្កត់ធ្ងន់លើការប្រើប្រាស់ការលើកទឹកចិត្តខាងសម្ភារៈ និងការបង្កើតឥស្សរជនបច្ចេកទេស និងអ្នកគ្រប់គ្រងដែលមានជំនាញក្នុងដំណើរស្វែងរកការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ ដូច្នេះហើយតេង ស៊ាវភីងបានចូលមកក្នុងជម្លោះកាន់តែខ្លាំងឡើងជាមួយលោកម៉ៅ សេទុងដែលសង្កត់ធ្ងន់លើគោលនយោបាយសមភាព និងការសាទរបដិវត្តន៍ជាគន្លឹះនៃកំណើនសេដ្ឋកិច្ច ផ្ទុយទៅនឹងកា​រសង្កត់​ធ្ងន់រប​ស់​តេងលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គល។ លោកម៉ៅ និងតេង ស៊ាវភីងបានចែកផ្លូវគ្នាក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០ ខណៈដែល​ពួកគេមិនយល់ស្របលើយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោល​នយោបាយផ្សេងទៀត។ ទំនៀមទម្លាប់របស់លោកតេង ដែលបង្កប់នៅក្នុងសុន្ទរកថាដ៏ល្បីរបស់គាត់ថា “វាមិនសំខាន់ថាពួកវាជាឆ្មាខ្មៅ ឬឆ្មាសទេ ដរាបណាវាអាចចាប់កណ្ដុរ ពួកវាជាគឺឆ្មាល្អ។ លោកម៉ៅក៏អន់​ចិត្តនឹងលោ​កតេងចំពោះការសម្រេចចិត្តដោយមិនពិគ្រោះជាមួយលោកដែរ ហើយគាត់បានស្តីបន្ទោសលោកតេងនៅចំពោះមុខកិច្ចប្រជុំបក្សឆ្នាំ១៩៦១។

គិតត្រឹមឆ្នាំ១៩៧១ម៉ៅសេទុងបានកម្ចាត់គូប្រជែងរបស់ខ្លួនស្ទើរតែទាំងអស់នៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន។ តេង ស៊ាវពីងត្រូវបានគេដកតំណែង និងបញ្ជូនឲ្យទៅធ្វើស្រែដើម្បីលត់ដំខ្លួន។ចំណែក​ឯមេដឹកនាំកងទ័ពដ៏មានអំណាច គឺ លីន ពៀវក៏ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះ ពេលរត់គេចខ្លួនក្រោយពីរងការចោទប្រកាន់ថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ម៉ៅសេទុង។ក៏ប៉ុន្តែ ការប្រជែងដណ្តើម​អំណាចគ្នា​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនោះបានធ្វើឲ្យសេដ្ឋកិច្ចចិនត្រូវធ្លាក់ក្នុងសភាពយ៉ាងសែនដុនដាបងើបមុខមិនរួច។តាមការពិត នៅក្នុង​រយៈពេលប៉ុន្មានឆ្នាំទៅនេះថ្វីដ្បិតតែម៉ៅសេទុងគិតគូរខ្លាំងតែពីរឿងនយោបាយ ជាពិសេសពីការបោសសម្អាតផ្ទៃក្នុងបក្ស ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួនក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា​ម៉ៅសេទុង​ក៏បន្តចិញ្ចឹមចិត្តចង់អភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើនផងដែរ។

នៅក្រោយពីបានកម្ចាត់គូប្រជែង​និងពង្រឹងអំណាចយ៉ាងរឹងមាំក្នុងដៃហើយម៉ៅសេទុងក៏បានចាប់ផ្តើមងាកមកគិតគូរស្តារសេដ្ឋកិច្ចវិញម្តងតែនៅពេលនោះ ម៉ៅសេទុងត្រូវប្រឈមមុខ​នឹងបញ្ហាដ៏ធំមួយ​គឺការខ្វះខាតធនធានមនុស្សដោយសារតែបដិវត្តន៍វប្បធម៌បានធ្វើឲ្យមន្រ្តីមានសមត្ថភាពល្អៗមួយផ្នែកធំត្រូវបានគេកម្ចាត់ចោលដោយខ្លះត្រូវស្លាប់ ហើយខ្លះទៀត​ត្រូវបានដកតំណែងឬ​បញ្ជូនឲ្យទៅធ្វើកា​រនៅតាមជំរំលត់ដំ។ដើម្បីចាត់ចែងបញ្ហាសេដ្ឋកិច្ចម៉ៅសេទុងរំពឹងលើមនុស្សជំនិតចុងក្រោយ គឺជូ អេនឡាយ ដែលពេលនោះជូ អេនឡាយមានតំណែងជានាយករដ្ឋមន្រ្តី។ ក៏ប៉ុន្តែ ជូ អេនឡាយ ដឹងច្បាស់ថាដើម្បីអាចស្តារសេដ្ឋកិច្ចឲ្យងើបចេញពីវិបត្តិវិញបានគឺចាំបាច់ត្រូវតែហៅមន្រ្តីមានសមត្ថភាពឲ្យចូលមកធ្វើការវិញ។

ក្រោយមក​នៅ​ឆ្នាំ១៩៧៣ លោកតេង ស៊ាវភីង ត្រូវបាននាំយកមកទីក្រុងប៉េកាំងវិញ ហើយបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីឡើងវិញ បន្ទាប់ពីមានការបង្រួបបង្រួមកម្លាំងនយោបាយឡើងវិញ។ សមត្ថភាព និងជំនាញរបស់លោក តេង ត្រូវបានគេវាយតម្លៃខ្ពស់នៅក្នុងភាពជាអ្នកដឹកនាំរបស់ចិន ហើយលោកក៏បានចូលកាន់តួនាទីសំខាន់ៗយ៉ាងឆាប់រហ័ស។ នៅខែមេសាឆ្នាំ១៩៧៤ លោកបានធ្វើដំណើរទៅទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះលោកបានពន្យល់ពីទ្រឹស្តីរបស់លោកម៉ៅអំពី “ពិភពទាំងបី” ។នៅពេលដែលនាយករដ្ឋមន្ត្រី ជូ អេនឡាយ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយខែឧសភា ឆ្នាំ ១៩៧៤ បន្ទុកនៃការដឹកនាំ និងការគ្រប់គ្រងបានធ្លាក់ចុះនៅលើស្មារបស់លោកតេង ស៊ាវភីង កាន់តែខ្លាំងឡើង។ ទោះជាយ៉ាងណាក៏ដោយ ការខ្នះខ្នែងរបស់លោកតេង ស៊ាវភីងក្នុងការអនុវត្ត “ទំនើបភាវូបនីយកម្មចំនួនបួន” និងកំណែទម្រង់នយោបាយបានផ្តាច់ខ្លួនម៉ៅ និងនយោបាយផ្សេងទៀតដែលដឹកនាំដោយភរិយារបស់ម៉ៅគឺលោកស្រី ឈៀង ឈីង។

ក្នុងប៉ុន្មានឆ្នាំចុ​ងក្រោយរបស់លោកតេង ស៊ាវភីងបានជំរុញឱ្យមានការជជែកដេញដោលគ្នានៅក្នុងបក្សកុម្មុយនិស្តលើតម្រូវការដើម្បីធ្វើឱ្យមាន​តុល្យភាពកំណែទម្រង់សេដ្ឋកិច្ច​ជាមួយនឹងស្ថិរភាពនយោបាយ​ ប៉ុន្តែមិន​អាចដាក់ផែន​ការបញ្ចុះបញ្ចូលឱ្យមានស្ថិរភាពបានឡើយ។ នៅពេលដែលសុខភាពរបស់ តេង ស៊ាវភីងបាននឹងកំពុងធ្លាក់ចុះទ្រុឌទ្រោម បុរសដ៏មានឥទ្ធិពលនេះ​ត្រូវបានដកឃ្លាចេញពីតួនាទី​របស់ខ្លួនក្នុងការសម្រេច​ចិត្ត ។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់គាត់គឺក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនៅដើមឆ្នាំ១៩៩៤ ហើយនៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ១៩៩៧លោកតេង ស៊ាវពីងបានទទួលមរណភាពនៅក្នុងអាយុ៩២ ឆ្នាំ។
លោកតេង ស៊ាវភីងជាវីរបុរសដែលមានស្នាដៃជាច្រើន ខណៈគេបានហៅលោកថាបិតាកំណែទម្រង់សេដ្ឋកិច្ចចិននៅក្នុងការអនុវត្តគោលនយោបាយផ្ទាល់ខ្លួន សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ លោក តេង ស៊ាវភីង បានបង្កើតកំណែទម្រង់សំខាន់ៗនៅក្នុងស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិន។

កំណែទម្រង់សង្គមដ៏សំខាន់បំផុតរបស់លោកគឺជាការរៀបចំផែនការគ្រួសារដ៏តឹងរ៉ឹងបំផុត«គោលនយោបាយកូនមួយ» ដើម្បីគ្រប់គ្រងចំនួនប្រជាជនដែលកំពុងកើនឡើងរបស់ប្រទេសចិន។ លោកបានបង្កើត​ការគ្រប់​គ្រង​សេដ្ឋកិច្ចវិមជ្ឈការ និងផែនការរយៈពេលវែងប្រកបដោយហេតុផល និងអាចបត់បែនបាន ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រង។ ក្នុងកិច្ចការបរទេស លោក​តេង ស៊ាវភីងបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌របស់ចិនជាមួយលោកខាងលិច ហើយបើកសហគ្រាសចិនសម្រាប់ការវិនិយោគបរទេស។ លោកតេង ស៊ាវពីង បានស្ដារប្រទេសចិនឡើងវិញ​នូវស្ថិរភាពក្នុងស្រុក និងកំណើនសេដ្ឋកិច្ច បន្ទាប់ពីគ្រោះមហន្តរាយនៃបដិវត្តន៍វប្បធម៌។ ក្រោមការដឹកនាំរបស់លោកប្រទេសចិនទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ស្តង់ដារនៃការរស់នៅ ការកើនឡើងគួរឱ្យកត់សម្គាល់នូវសេរីភាពផ្ទាល់ខ្លួន និងវប្បធម៌ និងការរីកលូតលាស់ទំនាក់ទំនងទៅនឹងសេដ្ឋកិច្ចពិភពលោក។ លោកតេង ស៊ាវភីងក៏បានចាកចេញទៅជំនួសរដ្ឋាភិបាលផ្តាច់ការស្រាល ដែលនៅតែប្តេជ្ញាចិត្តចំពោះការគ្រប់គ្រងដោយបក្សតែមួយរបស់ CCP ទោះបីជាវាពឹងផ្អែកលើយន្តការទីផ្សារសេរី ដើម្បីប្រែក្លាយប្រទេសចិនទៅជាប្រទេសអភិវឌ្ឍន៍ក៏ដោយ៕

 

II-ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯងថាជាអ្វី មកពីណា ហើយដើម្បីអ្វី?

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។

២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។

៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។

៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។

៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។

៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។

១. រឿង ៣ យ៉ាងដែលគួរបំភ្លេច៖

  • រឿងអាយុ
  • រឿងដែលកន្លងហួស
  • រឿងដែលនាំទុក្ខដល់អ្នកដទៃ

២. ៤ យ៉ាងដែលត្រូវមាន ៖

  • មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
  • មានមិត្តដែលយល់ចិត្ត
  • មានការងារធ្វើ
  • មានផ្ទះសម្បែងសមរម្យ

៣. ៦ យ៉ាងដែលមិនគួរធ្វើ៖

  • ឃ្លានហើយតែមិនញ៉ាំ
  • ស្រេកទឹកតែមិនផឹកទឹក
  • ងងុយហើយតែមិនព្រមគេង
  • ហត់ហើយតែមិនសម្រាក
  • ឈឺហើយតែមិនព្យាបាល
  • ចាស់ហើយទើបស្ដាយក្រោយ

៤. ៧ យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ

  • ការដែលបានកើតជាមនុស្ស
  • ការបានយល់ពីសាសនា
  • ការមានកល្យាណមិត្តល្អ
  • ការមានភាពសុចរិតជានិស្ស័យ
  • ការមានចិត្តមិនឫស្យា
  • ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
  • ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”

៥. ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖

  • សុខភាពផ្លូវកាយ
  • សុខភាពផ្លូវចិត្ត

៦. ទុក្ខ ៣ យ៉ាង៖

  • លះបង់មិនបាន
  • ចាញ់គេមិនបាន
  • លែងអ្វីមួយមិនបាន

៧. ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង៖

  • រាងកាយ
  • ចំណេះដឹង
  • ក្ដីស្រមៃ
  • ទស្សនៈគតិ
  • ភាពជឿជាក់
  • ភាពក្លាហាន

សូមអរគុណដល់ម្ចាស់អត្ថបទដើម : តេង ស៊ីវភីង