អាជ្ញាធរមីននៅថ្ងៃនេះបានបន្តអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិន ដឹងប្រវត្តិច្បាស់លាស់និងត្រូវសាកសួរអាជ្ញាធរមូល ដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោស សម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។
ការបន្តអំពាវនាវនេះ ខណះក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ ២០២៤ នេះ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ៣០នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីន ១៣នាក់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់ របួស ១៨នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់។
អាជ្ញាធរមីនបានបង្ហាញឲ្យដឹងថា អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណី នេះបណ្តាលមកពីសកម្មភាពនៃការលេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម ១០% ការធ្វើសំណង់ ១០% និងការដុតភ្លើង ៣%។ ដើម្បីទប់ ស្កាត់ និងរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យនៅកម្រិតអប្បបរមា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន បានបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការរំដោះផ្ទៃដី និងការផ្សព្វផ្សាយការ អប់រំយល់ដឹងពីមីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍ដើម្បី “ឆ្ពោះ ទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំ ណល់ជាតិផ្ទុះពីសង្រ្គាម” និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់ នៅបន្តរងគ្រោះទៀត។
សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់អាជ្ញាធរមីន រាប់ចាប់ពីឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ២០២៤នេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុបចំនួន ៦៥.០៦៧ នាក់ ក្នុងនោះរងគ្រោះដោយសារមីន ៧៩% និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២១% ៕ អត្ថបទ.ភារម្យ