ថវិកាជាង៣០០លានដុល្លារ! រាជរដ្ឋាភិបាល ចំណាយសម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ប្រមាណជាងបីរយលានដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ និងជីក ប្រព័ន្ធលូរថ្មីបន្ថែមទៀតនោះ។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញត្រូវ តែដោះស្រាយឲ្យបានទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែមជាពិសេសគឺស្ថានីយ៍បូមទឹក ដើម្បី បញ្ជៀសទឹកកុំឲ្យបុកចូលក្នុងភ្នំពេញ និងដោះស្រាយប្រព័ន្ធទឹកនៅក្នុងរាជធានីដែលមានស្រាប់ ពោលគឺ ស្តារប្រព័ន្ធលូរ ដោយលូណាចាស់ និងតូចត្រូវផ្លាស់ប្តូរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គម្រោងដែលបានចំណាយនេះគឺភាគច្រើនពាក់ ព័ន្ធទៅនឹងការស្តាប្រឡាយដែលមានស្រាប់ ដោយក្នុងនោះគឺមានចំនួនបីកន្លែងធំៗទី១ពីទំនប់រលាំងជ្រៃ មកព្រែកហូរតាខ្មៅដោយមានចម្ងាយជាង២៦០គីឡូម៉ែត្រ និងស្ទឹងតូចៗជាង១០ទៀត រួមទាំងការធ្វើស្ថានីយ៍បូមទឹកថ្មីចំនួនបួនកន្លែងទៀត ខណៈគម្រោងទាំងនេះគឺធ្វើយ៉ាងណាកុំឲ្យទឹកជំនន់បុកចូលរាជធានីភ្នំពេញបន្តទៀត។ ទី២គឺគម្រោងជុសជុលកែលម្អរ ស្តារប្រព័ន្ធស្រោចស្របរំដោះទឹកពីភាគនារតីភ្នំពេញដែល ក្នុងនោះគឺស្តាអនុគម្រោងនៅច្បារមន ខេត្តកំពង់ស្ពឺ និងអនុគម្រោងនៅខេត្តកណ្តាល។ និងទី៣គ្រោងប្រព័ន្ធស្រោចស្របការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដោយធ្វើការស្តារប្រឡាយជាច្រើននៅតំបន់នោះដល់ ស្ទឹងព្រែកហូរ តាខ្មៅជាដើម៕