ជិះក្នុងល្បឿនលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងបោកដួលអូសចូលក្រោមរថយន្តកិនស្លាប់មួយរំពេច ប្រពន្ធរបួសស្រាល…
ភ្នំពេញ៖ ពីរនាក់ប្ដីប្រពន្ធម៉ូតូនិចមួយគ្រឿងជិះឌុបគ្នាក្នុងល្បឿនលឿនជ្រុល វ៉ាក់អើ ហ្វ្រាំងបោកដួលខ្លួនឯងចូលក្រោមរថយន្តក្រុង បណ្តាលឱ្យកិនស្លាប់ប្តីភ្លាមៗនៅកន្លែង ចំណែកប្រពន្ធរងរបួសស្រាល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវហាណូយ កែងផ្លូវ១៩៧០ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ មាន សុីម៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំណែកប្រពន្ធរងរបួសស្រាល ជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-12048 ជាមធ្យោបាយ ។
ចំណែកភាគីខាងរថយន្តក្រុង ម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3G-3858 បើកបរដោយឈ្មោះ ឯម សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា២នាក់ប្តីប្រពន្ធ តាមបណ្តោយផ្លូវហាណូយ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្ត ដែលបើកតាមផ្លូវ១៩៧០ ពីលិចទៅកើត កំពុងឆ្លងផ្លូវហាណូយ ជនរងគ្រោះហ្វ្រាំង បោកដួលអូសចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែង ចំណែកស្ត្រីជាប្រពន្ធ រងរបួសស្រាល ភ្លាមៗសមត្ថកិច្ចប្រចាំគោលដៅឃាត់ខ្លួនអ្នកបើកបររថយន្ត ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញពិនិត្យស្លាកស្លាមរួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត អ្នកបើកបរ និងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕