ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្ដេជ្ញាពង្រឹកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែល្អ និងរឹងមាំជាមួយកម្ពុជា
ភ្នំពេញ៖ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានអបអរសាទរចំពោះ ឯកឧត្ដម Kyaw Soe Min ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ឯកឧត្តមគឺជាអ្នកការទូតទីមួយ ដែលសម្ដេចបានទទួលជួបដំបូង បន្ទាប់ពីសម្ដេចក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ក្នុងពេលដែលសម្ដេចជាប្រមុខរដ្ឋស្ដីទីផងដែរ។ សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមថា ឯកឧត្តមនឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់នេះឲ្យកាន់តែប្រសើរបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកើតសរសើរ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានទទួលជួបឯកឧត្តម និងប្រតិភូនាពេលនេះ និងអបអរសាទរចំពោះ សម្ដេចនិងគណបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅទទួលបានជោគជ័យ និងជាងនេះទៅទៀតគឺ សម្ដេចតេជោ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កន្លងទៅ និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវក្ដីរីករាយដែល ឯកឧត្តមមានវាសនាបានមកធ្វើជាអ្នកការទូតនៅកម្ពុជានៅពេលនេះ ហើយដែលប្រទេសទាំងពីរគឺមានទំនាក់ទំនងដ៏យូរលង់ជាពិសេសទៅលើប្រពៃណី វប្បធម៌ សាសនា ដូចគ្នា។ ហើយចាប់តាំងពីទំនាក់ទំនងការទូតឆ្នាំ ១៩៥៥ មក គឺបានខិតខំរក្សាទំនាក់ទំនងនេះហើយជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយយើងក៏ជាប្រទេសជាសមាជិកអាស៊ានដូចគ្នាហើយតែងតែជួយគ្នាក្នុងនាមជាមិត្តជិតស្និទ្ធ។
ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានប្ដេជ្ញាថាក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា នឹងខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងពិភពលោកឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត។
ទន្ទឹមនឹងនេះឯកឧត្តម ក៏បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ឯកឧត្តម ក៏បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ា បានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។ ក្នុងនោះដែរ ឯកឧត្ដម ក៏បានលើកឡើងអំពីការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។
ជាការឆ្លើយតបសម្ដេចតេជោប្រមុខរដ្ឋស្ដីទីក៏បានអរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានធ្វើរបាយការណ៍អំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ាជូន សម្ដេចក៏ដូចជាជំនួបទាំងមូលនៅពេលនេះ និងបង្ហាញពីការថែទាំក៏ដូចជាការរឹតចំណងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ សម្ដេចតេជោ បានបញ្ជាក់ថា ឆ្នាំក្រោយនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសកម្ពុជា-មីយ៉ាន់ម៉ា។
ពាក់ព័ន្ធនឹងស្ថានភាព មីយ៉ាន់ម៉ា សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ហើយថា សម្ដេច មានបំណងបន្តបំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ាបន្តទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាពសុខភាព។ ទន្ទឹមនឹងនេះ ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្ដេចមានបំណងចង់ជួប ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។
ជាចុងក្រោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ជូនចំពោះសម្ដេចតេជោ ផងដែរ។
សម្ដេចតេជោ ក៏បានជូនពរដល់ ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រតិភូដែលបានចូលជួបសម្ដែងការគួរសមថ្ងៃនេះ និងបានផ្ដាំផ្ញើសួរសុខទុក្ខទៅដល់ ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និង សូមឲ្យឯកអគ្គរដ្ឋទូតពាំនាំនូវសំណូមពររបស់សម្ដេច ដើម្បីជួបពិភាក្សាសួរសុខទុក្ខ ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ conference ក្នុងពេលសមស្របណាមួយអាចនឹងមុនសង្ក្រាន្ត ឬក៏ក្រោយសង្ក្រាន្តឆ្នាំថ្មីរបស់កម្ពុជា៕