សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់គាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលរួមមានការកែទម្រង់ប្រព័ន្ធគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំ វិស័យសុខាភិបាលជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី-ខេត្ត បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹព្រីមៀ សែនសុខ។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅក្នុងក្រសួងមុខងារសាធារណៈដែលក្នុងរយៈពេល៧ខែនេះបានខិតខំ និងចូលរួមយ៉ាងសកម្មយកចិត្តទុកដាក់លើកិច្ចការងារធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចនៅតាមបណ្ដាក្រសួង ស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នអាចបំពេញភាកិច្ចរឹងមាំជូនជាតិ និងប្រជាជន។

សូមជម្រាបថា ក្រសួងមុខងារសារណៈត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយការរួមបញ្ចូលគ្នានូវស្ថាប័នចំនួន៣ គឺរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល។ ក្រសួងមុខងារសាធារណៈមានបេសកកម្ម និងភារកិច្ចដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ មានភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ហៅកាត់ថា គ.វ.រ.។ គណៈកម្មាធិការជាតិនេះដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥៕