លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណាន រំពឹងថាខេត្តហៃណាននឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជា កាន់តែច្រើននាពេលខាងមុខ
ភ្នំពេញ៖ លោកហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណានប្រទេសចិន បានសម្តែងក្តីរំពឹងថា នាពេលខេត្តហៃណាន និងប្រទេសកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ ខណៈការរំពឹងរបស់លោកគឺដោយសារតែលោកបានមើលឃើញថាខេត្តហៃណាន មានជើងហោះហើរដោយផ្ទាល់មកកម្ពុជា និងមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តនេះផងដែរនោះ។
នៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហៃណាន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ហ្វេង ហ្វៃ បានលើកឡើងថា កាលពីឆ្នាំ២០១៨កម្ពុជាបានបើកអគ្គកុងស៊ុលរបស់ខ្លួននៅហៃគូ ដែលការបើកនេះបានជំរុញកិច្ចសហការរវាងហៃណាន និងកម្ពុជាកាន់តែរីកចំរើន ទូលំទូលាយជាងមុន ហើយមួយវិញទៀតខេត្តហៃណានជាខេត្តមួយសំខាន់ និងជាតំបន់ពាណិជ្ជកម្មសេរី ដូច្នេះលោកសង្ឃឹមថា« ថ្ងៃមុខនឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើន»។
លោក ហ្វេង ហ្វៃ បានលើកឡើងទៀតថា លោកពិតជាសប្បាយរីករាយដែលកម្ពុជា និងខេត្តហៃណានមានការហោះហើរត្រង់រហូតដល់៤ជើងក្នុងមួយសប្តាហ៍ ជាពិសេសខេត្តហៃណានក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ព្រមទាំងបានចូលរួមបណ្តុះបណ្តាលជាច្រើនដោយសារខេត្តហៃណានមានមជ្ឈមណ្ឌលកសិកម្មត្រូពិចមួយ ហើយកន្លងមកខេត្តហៃណានបានទៅបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលជាកិច្ចសហការមួយដ៏ល្អលើវិស័យកសិកម្មរវាងខេត្តហៃណាន និងកម្ពុជា។
នៅក្នុងកិច្ចជំនួបនោះ លោកហ្វេង ហ្វៃ ក៏បានជំរាបសម្តេចផងដែរថា ខេត្តហៃណានបានលើកលែងទិដ្ឋការរហូតដល់៥៩ប្រទេសដែលធ្វើឲ្យអ្នកទេសចរណ៍ កាន់តែមានចំនួនច្រើនមកទស្សនកិច្ចខេត្តហៃណាន ដោយក្នុងមួយឆ្នាំមានអ្នកទេសចរណ៍ប្រមាណ៩០លាននាក់បានមកទស្សនកិច្ច ដោយសារអាកាសធាតុល្អ និងហោះហើរជិតពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណះដែលប្រជាពលរដ្ឋនៅខេត្តនេះមានត្រឹមតែ១០លាននាក់ប៉ុណ្ណោះដែលរស់នៅ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការ៤រីករាយនៅពេលដែលបានឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។សម្តេចតេជោ បានបន្តថា សម្តេចបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកហើយ តែនៅពេលខាងមុខសម្តេចរីករាយនឹងអញ្ជើញទៅកាន់ហៃណានបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់សម្តេចពីការអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មត្រូពិច ដែលមានការកែច្នៃផលិតផលបានច្រើន ជាពិសេសការកែច្នៃបច្ចេកវិទ្យាដូចជា ជ័រកៅស៊ូ សាប៊ូ ទឹកអប់ និងមី ដែលធ្វើពីសាច់ដូង ដែលការស្រាវជ្រាវរបស់វិទ្យាកសិកម្មនោះមានភាពទូលំទូលាយណាស់។ សម្តេចតេជោក៏ បានអរគុណខេត្តហៃណាន ជាពិសេសវិទ្យាស្ថានកសិកម្មនេះបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលបានបង្កើនជំរុញកិច្ចសហការលើការស្រាវជ្រាវឲ្យបានទិន្នផលខ្ពស់នៅកម្ពុជា៕