លោកគ្រូពេទ្យម្នាក់ ទើបទិញរថយន្តបាន២ថ្ងៃ បើកទៅបុកបង្គោលភ្លើងក្រឡាប់ធ្លាក់ក្នុងស្រែ
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យ ទើបតែទិញរថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង បាន២ថ្ងៃ ក៏បើករេចង្កូតទៅបុកបង្គោលភ្លើង បាក់មួយដើមក្រឡាប់ធ្លាក់ចូលក្នុងស្រែ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ កើតឡើងនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីតពណ៌សមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាគ្រូពេទ្យ ធ្វើដំណើរតាមតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុ ក៏បានឈ្ងោកយកទូរសព្ទមកនិយាយ ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបហ្គោលភ្លើងមួយដើមដ៏ធំ បណ្តាលឲ្យបាក់មួយដើមក្រឡាប់រថយន្តធ្លាក់ចូលទៅក្នុងវាលស្រែ ភ្លាមនោះដែរអ្នកបើកបរក៏បានបើកទ្វារលូនចេញមកក្រៅដោយសុវត្ថិភាព ដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់វាស់វែងធ្វើកំណត់ហេតុរួចស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕