កម្ពុជា-ឡាវ ប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាព លើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានឯកភាពគ្នាប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែងដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវបានមានសាសន៍បញ្ជាក់បែបនេះក្នុងឱកាសពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះនៅសាធារណៈរដ្ឋប្រជាម៉ានិតឡាវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដំណើរទស្សនកិច្ចបរស់សម្ដេចនៅប្រទេសឡាវនាពេលនេះគឺដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេល១ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្នុងនោះក៏មានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕