ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះមួយខ្នងជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារក្មួយប្រុស អន ផានិត នៅខេត្តកំពត

កំពត៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A ស្ថិតនៅខេត្តកំពត។

ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឱ្យក្មួយប្រុសទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង។

ក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យក្មួយប្រុសត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានកាន់តែល្អប្រសើរ ដើម្បីយកចំណេះវិជ្ជាទាំងនេះបម្រើមាតុភូមិ និងក្រុមគ្រួសារ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ។