កម្លាំងនគរបាលឃាត់អប់រំក្រុមក្មេងទំនើង១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងនៅខណ្ឌឬស្សីកែវ ដកហូតម៉ូតូ១៨គ្រឿង

ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំអប់រំក្រុមក្មេងទំនើង១៨នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបានសរុបចំនួន១៨គ្រឿង។

យ៉ាងណាមិញសមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជំរុញឱ្យពួកគាត់ជួយណែនាំអប់រំ បន្ថែម។ចំណែកឯក្រុមក្មេងទំនើងទាំង១៨នាក់ សមត្ថកិច្ចបាន អប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទៅនឹងច្បាប់តទៅទៀត ព្រមទាំងឱ្យដោះដូរបំពង់ស៊ីម៊ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ ចំណែកឯបំពង់ស៊ីម៉ាំងកែច្នៃ (ប្រែន) សមត្ថកិច្ចបានដកហូតដើម្បីលុបបំបាត់ និងបំផ្លាញចោល៕