រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានដាក់ចេញនូវគោលនយោបាយនានា គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនដល់ពលរដ្ឋឲ្យកាន់តែច្រើនបន្ថែមទៀត។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ បង្កើនការងារដល់ពលរដ្ឋ និងបង្កើនសមត្ថភាពគ្រប់ក្រសួង ស្ថាប័នទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយការប្តេជ្ញានេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់មិនថាទីប្រជុំជន ឬតាម ជនបទនោះឡើយ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមទៀតថា ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅ តាមជនបទ គឺជាគន្លឹះសម្រាប់ធានានូវចីរភាព និងភាពធននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈសព្វថ្ងៃតំបន់ជនបទរបស់កម្ពុជា បានកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។

សម្តេចធិបតី ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលនឹងខិតខំស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធតាមជនបទឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕