ប្រធានគណបក្សភឿថៃ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសកម្ពុជា-ថៃ

ភ្នំពេញ៖ ប្រធានគណបក្សភឿថៃ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានប្រកាសជំហរ និងមានជំនឿជឿជាក់ថា ទំានក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងបន្តរក្សាបាននូវសន្ដិភាព និងនិរន្តរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវប្រធានគណបក្សភឿថៃ បានបង្ហាញនូវជំនឿបែបនេះ ក្នុងឱកាស ជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤នេះ នៅវិមានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា។

ក្នុងឱកាសជំនួបជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតបានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវនិងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភានាពេលនេះ។

ឯកឧត្តមមានប្រសាសន៍ថា តាមរយៈជំនួបនាពេលនេះនឹងជំរុញទំនាក់ទំនងរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផល ប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។
ឯកឧត្តមប្រធាស្ដីទីរដ្ឋសភាបានលើកឡើង ពីទំនាក់ទំនងរដ្ឋសភានៃ ប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានរដ្ឋសភាថៃដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានមានប្រសាសន៍ជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ច មានការីកចម្រើន។ លោកជំទាវ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។

លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ លោកជំទាវក៏បានថ្លែងគាំទ្រប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពី ការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ៕