យានដ្រូនក្រោមទឹកជំនាន់ក្រោយ អ៊ុយក្រែនបង្ហាញអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ី
អ៊ុយក្រែន៖ អ៊ុយក្រែនបានបង្ហាញយានដ្រូនក្រោមទឹកមានបណ្តោយ ៦ម៉ែត្រ ដែលអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ីបានពីក្រោមបាតសមុទ្រ បើតាមសេចក្តីរាយការណ៍បានឲ្យដឹង។
យានដ្រូនក្រោមទឹក Marichka អាចផ្តល់វិមាត្រថ្មីដល់អ៊ុយក្រែនក្នុងការវាយប្រហាររបស់ពួកគេលើកងនាវាចម្បាំងសមុទ្រខ្មៅរបស់លោក Putin ស្របពេលដែលមកទល់នឹងពេលនេះ ការវាយប្រហារភាគច្រើនធ្វើឡើងដោយយានដ្រូនលើអាកាសប៉ុណ្ណោះរបស់កងទ័ពជើងទឹក ។
យានដ្រូន Marichkaនឹងវាយប្រហារនាវាចម្បាំងនៅផ្នែកក្រោមទឹក ដែលអាចធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងសម្រាប់នាវាចម្បាំង យោងគេហទំព័រជំនាញខាងការពារជើងទឹក Navalnews បានរាយការណ៍។ ពួកគេរាយការណ៍ទៀតថា កងយានដ្រូនគ្មានមនុស្សបើកអត្តឃាតក្រោមទឹកទាំងនេះ ពិបាកការពារខ្លាំងណាស់ ។
កាលពីមុន អ៊ុយក្រែន ធ្លាប់បានបង្ហាញយានដ្រូនមុជទឹកខ្នាតតូចជាងនេះច្រើន ឈ្មោះ Toloka ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅត្រូវកំណត់ថាតើវាត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនាវាចម្បាំងរុស្ស៊ីឬយ៉ាងណា? បើតាមសារព័ត៌មាន Telegraph របស់អង់គ្លេស បានរាយការណ៍ឲ្យដឹង។
វីដេអូដែលបានបញ្ចេញថ្មីៗ ឃើញយានដ្រូន Marichka ដាក់ចុះក្នុងសមុទ្រ ដើម្បីធ្វើតេស្ត ហើយរូបភាពវីដេអូជីវចលមួយទៀត ឃើញលក្ខណៈបច្ចេកទេសរបស់យានដ្រូន ។
គួរបញ្ជាក់ថា យានដ្រូនក្រោមទឹក Marichkaមានរយៈចម្ងាយប្រហែលជាង ៩៦០គ.ម និងអាចបើកការវាយប្រហារដឹកជញ្ជូន ឬចុះបេសកកម្មឈ្លបយកការណ៍ ៕