សហរដ្ឋអាមេរិក ហាមប្រាម TikTok ជុំវិញការបារម្ភពីសន្តិសុខជាតិ ចិនថាមិនយុត្តិធម៌ឡើយ

ចិន៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ជាមួយការរិះគន់លើសេចក្ដីស្នើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីបង្ខំឲ្យលក់បណ្ដាញសង្គម TikTok ឬបើមិនដូច្នោះទេនឹងត្រូវបានហាមឃាត់នោះ កាលពីថ្ងៃទី១៤ ខែមីនា បាននិយាយថា «គ្មានការនិយាយពីភាពយុត្តិធម៌នោះឡើយ» ដែលលើកឡើងបញ្ហាសន្តិសុខជាតិ ដើម្បីយកមកកាត់បន្ថយអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ប្រទេសដទៃនោះ។

សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានផ្ដល់ការអនុម័តក្នុងសំឡេងយ៉ាងច្រើនលើសលប់ដល់សេចក្ដីស្នើច្បាប់ដែលនឹងផ្តល់រយៈពេលប្រហែល ៦ខែ ដើម្បីឲ្យម្ចាស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុនចិន ByteDance លក់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់កម្មវិធីវីដេអូខ្លីៗនេះ ឬបើមិនដូច្នោះទេប្រឈមនឹងការជាប់បម្រាម។

មូលហេតុដែលនាំឲ្យមានសេចក្ដីស្នើច្បាប់នេះកើតមានឡើង គឺដោយសារសមាជិកសភាអាមេរិកមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗថា ទិន្នន័យរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់ប្រទេសចិន។

ប្រទេសចិនបានអះអាងម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកបានពង្រីកគំនិតសន្តិសុខជាតិឲ្យកាន់តែវែងឆ្ងាយ ហើយលោក Wang បាននិយាយកាលពីមុនថា នេះជាទង្វើសម្លុតកំហែងរបស់ប្រទេសនេះ ដូចដែលលោកបានពណ៌នាថា រំខានដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មប្រក្រតីអន្តរជាតិ ហើយនៅទីបំផុតនឹងទទួលបានផលតបស្នងវិញ៕