សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌ និងសមត្ថភាពរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ និងណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងផ្ដល់សេវាល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានា នៅទូទាំងប្រទេស។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។

ក្នុងឱកាសនោះសម្ដេចធិបតី បានមានប្រសាសន៍កោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺដល់ពលរដ្ឋ។

សម្ដេច មានប្រសាសន៍ថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការ អភិវឌ្ឍ-សង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាង ២ទស្សវត្សចុងក្រោយ គឺមិនអាចកើតឡើងបានឡើយ ប្រសិនបើកម្ពុជា មិនមានសន្ដិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្ដិសុខ សង្គម។ ពីព្រោះកត្តាទាំងនេះ ទើបអាចធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើ គ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីផ្ដល់អនុសាសន៍ឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាលត្រូវជ្រើសរើសថ្នាក់ដឹកនាំផ្នែកសុខភិបាល ដូចជាប្រធានមណ្ឌលសុខភាព ឬនាយកមន្ទីរពេទ្យដោយផ្ដោតសំខាន់ទៅលើមន្រ្ដីដែលមានបទពិសោធផ្នែកសុខភិបាលជាពិសេសធ្លាប់ធ្វើកិច្ចការងារសុខភិបាលនេះពីថ្នាក់ក្រោមរហូតមកដល់លើ។

សម្ដេចបញ្ជាក់ថា ប្រធានមណ្ឌលសុខភាពនៅតាមរាជធានី-ខេត្ត គឺពិតជាមានតួនាទីសំខាន់ណាស់ ដូច្នេះទើបសម្ដេច បានឯកភាពផ្ដល់គោលការណ៍ និងសិទ្ធិទៅឱ្យអភិបាលខេត្តក្នុងការជ្រើសរើសប្រធានមណ្ឌលសុខភាពតែម្ដង ដើម្បីធានានូវសុគត្តភាព និងស្ដង់ដាលើការផ្ដល់សេវាសុខាភិបាល និងការដឹកនាំល្អផ្នែកសុខាភិបាលនៅមូដ្ឋាន៕