ដាក់គោលដៅឲ្យខ្លួនឯង

មាននរណាខ្លះបានបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម? នេះដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើការតាំងចិត្តប្រកាសជំហរជាមួយខ្លួនឯង ជាជំនួយក្នុងការសម្រេចគោលដៅ។

ការប្រកាសជំហរជាមួយខ្លួនឯង គឺជាការកិច្ចសន្យាមួយបានធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង?

មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតប្រកាសជំហរជាមួយខ្លួនឯងនេះបានផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាម៉ីខ្លួនផងដែរ។

ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមការប្រកាសជំហរជាមួយខ្លួនឯងទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖

 បិតទុកជាការរំលឹកលើជញ្ជាំង

 មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ

 បង្ហោះការប្រកាសជំហរជាមួយខ្លួនឯងនេះជាសាធារណៈលើបណ្តាញសង្គម

 ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក

 ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ

 ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល

ការប្រកាសជំហរជាមួយខ្លួនឯងនេះមិនបាច់សរសេរវែង និងមានប្រការអ្វីស៊ាំញុំានោះដែរ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖

 សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ

 សរសេរវិធីសាស្ត្រ ៖ កំណត់ជំហានតូចៗ (Steps) សម្រាប់សម្រេចគោលបំណងធំមួយនោះ

 កាលកំណត់ ៖ ដាក់ពេលកំណត់ (deadline) តាមជំហានតូចៗ និងពេលកំណត់សម្រាប់គោលបំណង ទាំងមូលត្រឹមមួយសប្តាហ៍ ឬមួយខែទៅតាមស្ថានភាពជាក់ស្តែង តែកុំអូសបន្លាយយូរពេក

 បែបបទ ៖ សរសេរខ្លីងាយយល់ តែសរសេរបែបផ្លូវការ (Formal) ដើម្បីឲ្យមានភាពប្រាកដប្រជា

 លទ្ធផល៖ កុំភ្លេចដាក់ផលប្រយោជន៏ដែលអ្នកនឹងទទួលបានពីការធ្វើបែបនេះក្រៅពីសម្រេចគោលបំណង

 រង្វាន់ ៖ កំណត់រង្វាន់ដែលអ្នកនឹងទទួលក្រោយធ្វើតាមកិច្ចសន្យា អ្នកអាចរើសផ្តល់រង្វាន់ក្នុងជំហាន នីមួយៗ ឬពេលសម្រេចគោលបំណងតែម្តងក៏បាន

ការប្រកាសជំហរជាមួយខ្លួនឯងបែបនេះ ជួយឲ្យអ្នកកាន់តែបង្កើនប្រសិទ្ធភាពការងារ និងងាយស្រួលក្នុងការសម្រេចគោលដៅ តែប្រសិនបើអ្នកមានអារម្មណ៏ថាធ្វើបែបនេះមានគំនាប ឬសម្ពាធ សូមកុំអនុវត្តតាម តែអាចជំនួសមកវិញ នូវការធ្វើផែនការប្រចាំថ្ងៃនៅក្នុងកម្មវិធីជាច្រើនទាំងក្នុងទូរស័ព្ទ ឬអ៊ីនធឺណេត ឬសរសេរក្នុងសៀវភៅផែនការ (Planner) វិញក៏បាន។