អ៊ីរ៉ង់ប្រឆាំងហៅថាជាទង្វើ ការបញ្ជូនជំនួយមនុស្សធម៌របស់អាមេរិកទៅកាន់តំបន់ហ្កាហ្សា គួរឲ្យអស់សំណើច និងគ្រាន់តែជានិមិត្តរូប
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានហៅសកម្មភាពទម្លាក់ជំនួយមនុស្សធម៌តាមអាកាសរបស់សហរដ្ឋអាមេរិក ទៅអោយហ៊ុមព័ទ្ធហ្កាហ្សា ស្រ្ទីបរបស់ប៉ាឡេស្ទីនថា ជាសកម្មភាពគួរឲ្យអស់សំណើច និងនិមិត្តរូបប៉ុណ្ណោះ កាលពីថ្ងៃចន្ទ ។
នាឯក្រសួងកាបរទេសអ៊ីរ៉ង់ ក្នុងក្រុងតេអេរ៉ង់ អ្នកនាំពាក្យ លោកណាស៊ើរ កាណានី (Nasser Kanaani) ក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីប្រចាំសប្ដាហ៍បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងផ្លាស់ប្តូររូបភាពសង្រ្គាមពាក់ព័ន្ធរបស់ខ្លួន តាមរយ:សកម្មភាពនិមិត្តរូបបែបបនេះ ដើម្បីបញ្ជាក់ថា ខ្លួនមិនបានផ្លាស់ប្ដូរជំហររបស់ខ្លួនទៅលើការគាំទ្រអ៊ីស្រាអែល ដែលមិនបង្ហាញពីចេតនាណាមួយក្នុងការបញ្ឈប់សង្រ្គាមក្នុងតំបន់ហ្កាហ្សាឡើយ។
លោកបាននិយាយថា តាមទស្សន:របស់ជនជាតិប៉ាឡេស្ទិន និងមតិសាធារណៈមតិក្នុងតំបន់ ទង្វើនេះ គ្រាន់តែជារឿងគួរអស់សំណើចនិងបិទបាំងសកម្មភាពរបស់ខ្លួនប៉ុណ្ណោះ។ វាបង្ហាញថារដ្ឋាភិបាលអាមេរិកស្វះស្វែងរកការបញ្ជាក់ថាការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ីស្រាអែល គឺស្របច្បាប់ទាំងស្រុង ខណ:ដែល កំពុងប៉ុនប៉ងផ្លាស់ប្តូររូបភាពឈ្លានពានរបស់ខ្លួនតាមរយ:ឥរិយាបថដ៏ហួសចិត្ត និងគួរឲ្យអស់សំណើច។
សហរដ្ឋអាមេរិក បាននិងកំពុងដឹកជញ្ជូនសព្វាវុធទៅឲ្យប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងដំបូងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាសនៅថ្ងៃទី៧តុលាឆ្នាំ២០២៣ និងបានប្រើសំឡេងវ៉េតូទៅលើពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ក្នុងតំបន់ហ្កាហ្សាជាលើកទី៣កាលពីខែមុន។
ក្រសួងសុខាភិបាលដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃច័ន្ទថា ចំួនមនុស្សស្លាប់ ក្នុងតំបន់ហ្កាហ្សា ស្ទ្រីប បានឡើងដល់៣១.១១២នាក់ និង៧២.៧៦០នាក់ទៀតរងរបួស ៕