យេម៉ែន វិបត្តិកង្វះអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងន់ខ្លាំង ស្របពេលគ្មានជំនួយអន្តរជាតិ

យេម៉ែន៖ កុមារដែលទទួលរងវិបត្តិកង្វះខាតអាហារូបត្ថម្ភ ពិបាករស់រាន ដោយសារតែគ្មានជំនួយអន្តរជាតិ ស្របពេលដែលពលរដ្ឋយេម៉ែនរាប់លាននាក់ផ្សេងទៀត ប្រឈមអសន្តិសុខស្បៀង ដោយសារតែជម្លោះរាប់ឆ្នាំ នៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន។

ជាមួយនឹងភ្នែកខូង និងមុខស្លេកស្លាំង កូនស្រីទើបកើតរបស់អ្នកស្រី Kabila Ahmed Ali ទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យ Al-Sabayeen ។ ស្ត្រីជាម្តាយ និយាយថា ទារករបស់គាត់ទទួលរងកង្វះខាតអាហារូបត្ថម្ភ ដោយសារតែការមានផ្ទៃពោះគ្មានអាហារទទួលទានគ្រប់គ្រាន់របស់គាត់ ។

លោក Anis Al-Asbahi គឺជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅទីក្រុង Sanaa ដែលមានកុមារជាង ៣លាននាក់ទទួលរងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរនោះ បាននិយាយថា ជារៀងរាល់ថ្ងៃ អង្គភាពកង្វះខាតអាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ al-Sabayeen ទទួលកុមាររហូតដល់ ៩០នាក់ ដែលរងគ្រោះដោយសារវិបត្តិកង្វះខាតអាហារូបត្ថម្ភ ។

លោក Al-Asbahi បន្តថា ស្ត្រីមានផ្ទៃពោះជាង ១៧ម៉ឺននាក់ បានទទួលរងកង្វះខាតអាហារូបត្ថម្ភ ដោយសារតែការបិទច្រក និងគ្មានជំនួយអន្តរជាតិ ហើយការអត់ឃ្លានកំពុងបន្តនេះ បានអូសបន្លាយអស់រយៈពេល ៩ឆ្នាំមកហើយ ។

យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា កង្វះខាតអាហារូបត្ថម្ភរបស់កុមារនៅប្រទេសយេម៉ែន ស្ថិតនៅក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក ក្នុងនោះកុមារយេម៉ែនជិត ២,២លាននាក់ ក្រោមអាយុ ៥ឆ្នាំ ទទួលរងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ ៕