ប្រមុខដឹកនាំលោក Biden ថា លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែលជាជាងជួយប្រទេសនេះ

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថាលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងជាជាងជួយប្រទេសនេះ ដោយសារតែការមិនខ្វល់ពីការស្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង៣ ម៉ឺននាក់ ក្នុងតំបន់ហ្កាហ្សា ខណៈសង្រ្គាមជាមួយក្រុមហាម៉ាសនៅតែបន្ត ប៉ុន្តែនោះពុំមានន័យថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការគាំទ្ររដ្ឋជ្វីហ្វមួយនេះនោះទេ។

អំឡុងបទសម្ភាសន៍របស់លោកជាមួយទូរទស្សន៍ MSNBC កាលពីចុងសប្ដាហ៍ លោក Biden បានរិះគន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មីទៀត ជុំវិញប្រតិបត្តិការយោធារបស់ប្រទេសនេះក្នុងតំបន់ហ្កាហ្សា។

លោកប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា លោក Netanyahu មានសិទ្ធិការពារអ៊ីស្រាអែល លោកមានសិទ្ធិបន្តស្វែងរកការកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែលោកត្រូវតែគិតគូរឲ្យបានហ្មត់ចត់ចំពោះអាយុជីវិតជនស៊ីវិលស្លូតត្រង់។

លោកថា ប៉ុន្តែមិនមែនការធ្វើបែបនេះនោះទេ លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់មុខមាត់អ៊ីស្រាអែល ជាជាងការជួយអ៊ីស្រាអែល។ នេះផ្ទុយទៅនឹងជំហររបស់អ៊ីស្រាអែល។ ខ្ញុំគិតថា នេះជាកំហុសធំណាស់ ដូច្នេះខ្ញុំចង់មើលឃើញបទឈប់បាញ់។

លោកបានបន្តថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គួរតែមានរយៈពេល៦សប្ដាហ៍ និងមើលឃើញការដោះដូរអ្នកទោស ដោយលោកបន្ថែមថា គួរតែមិនអាចមានអ្វីកើតឡើងក្រៅតែពីការប្រយុទ្ធគ្នា អំឡុងខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន (Ramadan)ដែលបានចាប់ផ្ដើមនៅថ្ងៃអាទិត្យ១០មីនានោះទេ៕