ព្រំដែន ចិន-ឥណ្ឌា ! ឥណ្ឌា បង្កើនកម្លាំង ទ័ពទ្វេដង

ឥណ្ឌា៖ ប្រទេសឥណ្ឌា កំពុងចាត់តាំងទាហាន ១០.០០០ នាក់ឡើងវិញ ទៅកាន់ផ្នែកខាងលិច នៃព្រំដែនដែលមានជម្លោះ ជាមួយប្រទេសចិន នេះបើតាមសារព័ត៌មាន Bloomberg បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។ របាយការណ៍បានបន្ថែមថា ទាហាន ៩.០០០ នាក់ ផ្សេងទៀត ដែលបានដាក់ពង្រាយរួចហើយតាមព្រំដែន នឹងត្រូវនាំយកមកក្រោមការបញ្ជាប្រយុទ្ធថ្មីមួយ។

ក្រុមមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា កម្លាំងចម្រុះ នៃកងទ័ពជិត ២០.០០០នាក់ នឹងការពារព្រំដែនប្រវែង ៥៣២ គីឡូម៉ែត្រក្នុងរដ្ឋ Uttarakhand និង រដ្ឋ Himachal Pradesh យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ។

របាយការណ៍នេះ បានលេចឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaisankar បានអះអាងថា ប្រទេសចិនមិនបានប្រតិបត្តិតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីក្រុង ញូវដែលី នោះទេ។ នេះបើតាមអ្នកការទូតបានលើកឡើងនូវសំណួរអំពី “ស្ថិរភាពនៃទំនាក់ទំនង” និង “ចេតនារបស់ទីក្រុងប៉េកាំង”។ លោក Jaishankar បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលការពិភាក្សាមួយនៅតុមូល Raisina ក្នុងទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍។

ទីក្រុងញូវ ដែលីកំពុងរៀបចំប្រព័ន្ធឃ្លាំមើល យន្តហោះគ្មានមនុស្ស បើកនៅតាមព្រំដែន របស់ខ្លួនជាមួយប្រទេសចិន និងប៉ាគីស្ថាន ដែលជាប្រទេសជិតខាងមួយទៀតដែលខ្លួនមានជម្លោះព្រំដែន ដើម្បីទប់ស្កាត់ “ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល” បើតាមការរាយការណ៍កាលពីខែតុលាដោយទីភ្នាក់ងារ ព័ត៌មាន Bloomberg ។ ប្រទេសអាស៊ីខាងត្បូងក៏កំពុងបង្កើតកងកម្លាំងរ៉ុក្កែតចម្រុះ (IRF) ជាចម្បងដើម្បីទប់ទល់នឹងការពង្រីកអាវុធមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ចិន ៕