គ្រូពេទ្យវ័យក្មេង ! កូរ៉េខាងត្បូងនឹងដំឡើងប្រាក់បៀវត្សរ៍រ ទោះខ្លួនបដិសេធមិនមានវិបត្តិផ្នែកថែទាំសុខភាពក្ដី
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់ក្រុមគ្រូពេទ្យវ័យក្មេង ដែលជាការដោះស្រាយតាមតម្រូវការសំខាន់ៗ របស់គ្រូពេទ្យហាត់ការដែលបានដើរចេញមិនធ្វើការងារ តែបដិសេធថា មិនមានវិបត្តិផ្នែកថែទាំសុខភាពទាំងស្រុងនោះទេ កាលពីថ្ងៃសុក្រ ទី៨ ខែមីនា ។
លោក Han Duck-soo នាយករដ្ឋមន្ត្រី បាននិយាយថា ការអនុវត្តបច្ចុប្បន្ន ក្នុងការបង្ខំឲ្យគ្រូពេទ្យវ័យក្មេងធ្វើការ ៣៦ម៉ោងដោយមិនសម្រាក គឺជាការរួមចំណែកមួយផ្នែក ក្នុងការដើរតវ៉ារបស់ពួកគេ ហើយត្រូវតែកែប្រែ។ លោកបាននិយាយថា៖ «យើងនឹងចាប់ផ្តើមសាកល្បងមើលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោកបន្ថែមថា រដ្ឋាភិបាលនឹងពិចារណាកម្រិតរយៈពេលត្រឹម ២៤ម៉ោង ដែលគ្រូពេទ្យប្រចាំការ និងហាត់ការ ត្រូវធ្វើការបន្ត។
លោកបានបញ្ជាក់បន្ថែមថា ចាប់ពីខែមីនាតទៅ គ្រូពេទ្យហាត់ការផ្នែកជំងឺកុមារ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១លានវ៉ុន (ប្រមាណជា ៧៥៨ដុល្លារ) ហើយរដ្ឋាភិបាលគ្រោងនឹងចំណាយស្រដៀងគ្នានេះ សម្រាប់គ្រូពេទ្យហាត់ការដទៃទៀត។
គួរបញ្ជាក់ថា គ្រូពេទ្យហាត់ការ និងប្រចាំការជាង ១០.០០០នាក់ កំពុងតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនការចុះចូលរៀននៅសាលាពេទ្យដល់ចំនួន ២.០០០នាក់ ក្នុង ១ឆ្នាំ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូពេទ្យដែលខ្លួនព្រួយបារម្ភពីចំនួនប្រជាជន ដែលមានវ័យចំណាស់យ៉ាងលឿនបំផុតមួយរបស់ពិភពលោក៕