ប្រមុខមេដឹកនាំ លោក Biden បញ្ជាឲ្យយោធាអាមេរិកសាងសង់កំពង់ផែ ផ្ដល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា

បរទេស៖ នៅតាមឆ្នេរសមុទ្ររបស់តំបន់ហ្កាហ្សា យោធាសហរដ្ឋអាមេរិក នឹងសាងសង់កំពង់ផែមួយ ដើម្បីទទួលជំនួយមនុស្សធម៌តាមសមុទ្រ។ យោងតាមក្រុមមន្ត្រីអាមេរិក គម្រោងនេះនឹងត្រូវប្រកាសជាផ្នែកមួយនៃសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

រដ្ឋបាលលោក Biden បានបង្ហាញការខកចិត្តកាន់តែខ្លាំង ជុំវិញវិបត្តិមនុស្សនៅក្នុងតំបន់ហ្កាហ្សា និងផលពិបាកក្នុងការដឹកជញ្ជូនតាមអាកាសដើម្បីអាចទៅដល់ដៃពលរដ្ឋប៉ាឡេស្ទីនដែលនៅតែជាប់ក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល។

ការដឹកជញ្ជូនតាមរថយន្តត្រូវបានរំខានដោយសង្រ្គាម ការលួច និង ក្រុមអ្នកតវ៉ាអ៊ីស្រាអែលនៅច្រកព្រំដែន អេហ្ស៊ីប-ហ្កាហ្សា។ ហើយសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានចាប់ផ្ដើមទម្លាក់ជំនួយតាមយន្តហោះ ជាមួយប្រទេសផ្សេងទៀតដូចជា បារាំង បែលហ្ស៊ិក ហ្ស៊កដានី អារ៉ាប់រួម និងអេហ្ស៊ីប។

ក្រុមមន្ត្រីបាននិយាយថា យើងកំពុងស្វែងរកច្រកផ្សេងទៀតដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា រួមទាំងតាមសមុទ្រ ។យើងកំពុងស្វែងរកទាំងជម្រើសយោធា ទាំងជម្រើសពាណិជ្ជកម្មដើម្បីដឹកជញ្ជូនតាមសមុទ្រ។

ក្រុមមន្ត្រីអាមេរិក បានទទួលស្គាល់ថា ដំណើរការនេះនឹងត្រូវការពេលវេលាជាច្រើនសប្ដាហ៍មុនពេលការដឹកជញ្ជូនជំនួយទៅកាន់កំពង់ផែថ្មីដែលបានគ្រោងទុកអាចចាប់ផ្ដើមបាន ប៉ុន្តែរដ្ឋបាលនេះនឹងមិនរង់ចាំការសម្រេចពីអ៊ីស្រាអែលទេ។ មន្ត្រីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា យើងនឹងមិនរង់ចាំអ៊ីស្រាអែលឡើយ ។នេះគឺជាពេលវេលាសម្រាប់ការដឹកនាំរបស់អាមេរិកជាសញ្ញានៃការកើនការអាក់អន់ចិត្តរបស់សេតវិមានចំពោះការបរាជ័យរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឲ្យមានការនាំយកជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា៕