ព្រះមហាក្សត្រីសព្វព្រះរាជហឫទ័យ ប្រធានបទ ទិវាអន្តរជាតិនារី៨មីនា «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ពិតជាមានសារៈសំខាន់

ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជា​ទីគោរ​ព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ កោតសរសើរនិងគាំទ្រ ចំពោះប្រធានបទ សម្រាប់​ទិវាអន្តរជាតិនារី៨មីនា «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ថា ពិតជា​មាន​សារៈ​សំខាន់​ និង​ស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង នាឱកាសខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៤ ។

តាមរយៈព្រះរាជសារក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាត នារី ៨មិនា ឆ្នាំ​២០២៤​នេះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះមហាក្សត្រ ព្រះមហាក្សត្រីសព្វព្រះរាជហឫទ័យ មាន​សេចក្តី​សោមនស្សរីករាយថ្វាយនូវសេចក្តីគោរពសក្ការៈ សម្តេចព្រះមហាសង្ឃរាជ ព្រះរាជា​គណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជម្រាបសួរសុខទុក្ខ ព្រមទាំងផ្ញើសេចក្ដីនឹករឭកដល់ បង ប្អូន កូនចៅ ចៅទួតទាំងអស់ នៅទូទាំងប្រទេស ដែលជានិច្ចកាលតែងតែនឹករឭក គោរព​ស្រឡាញ់ ផ្តល់នូវក្តីស្វាមីភ័ក្ត និងសេចក្តី កតញ្ញូដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះ​បរមរតន​កោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចំពោះព្រះអង្គផ្ទាល់។

តាមរយៈ​ព្រះរាជសារនេះ ព្រះមហាក្សត្រី ​កត់សម្គាល់ឃើញថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា បរិវត្តកម្មឌីជីថល គឺជាការចាំបាច់ ដើម្បីទាញយកផល​ប្រយោជន៍​ជា​អតិបរមា​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​គមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព ភាព​ប្រកួត​ប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមទំនើប ដែល​មាន​ពលរដ្ឋមានចំណេះដឹង និង ជំនាញ​ខ្ពស់​ដែល​អាច​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ពី​ការ​ប្រើ​ប្រាស់​សេវា​ឌីជីថលដោយប្រកាន់ភ្ជាប់នូវ មនសិការស្នេហាជាតិ រក្សាបាននូវអត្តសញ្ញាណ និង​វប្បធម៌​ជាតិ​។ បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែ សំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និង​ផ្សាភ្ជាប់រវាងប្រទេសនិងប្រទេស សង្គមនិងសង្គម មនុស្សនិងមនុស្ស ព្រមទាំង​បង្កើន​ផលិត​ភាព និងជំរុញពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារ សំដៅជំរុញ វឌ្ឍន​ភាព​សេដ្ឋកិច្ច និង​សង្គមជាតិ និងពិភពលោកឱ្យកាន់តែរីកចម្រើនថែមទៀត។

ព្រះមហាក្សត្រីបានមានព្រះរាជឱងការថា ព្រះរាជាណាចក្រកម្ពុជា បាន​នឹង​កំពុង​ទទួល​ភាគ​ផល​ពី​កិច្ច​អភិវឌ្ឍ​លើ​គ្រប់វិស័យ ក្រោមម្លប់នៃ សុខសន្តិភាពពេញលេញបរិបូរណ៍ តាមរយៈ​ការ​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​បាន​បញ្ចប់​ទាំង​ស្រុងនូវសង្គ្រាមរ៉ាំរ៉ៃ ធ្វើឱ្យប្រជា រាស្ត្រ ជាកូនចៅ ចៅទួត គ្រប់ជាតិ​សាសន៍​បាន​រស់​នៅ​ដោយ​ភាព​សុខដុមរមនា ជីវភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង គ្មានការរើសអើង មានសិទ្ធិ សេរី​ភាព​ពេញ​លេញ​ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ប្រពៃណី។ ទន្ទឹមនឹងនេះ ព្រះអង្គ សូមកោតសរសើរ និងអរគុណដល់ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ ក្រហមកម្ពុជា ដែលបានដឹកនាំដ៏វាងវៃ កម្មវិធីមនុស្សធម៌ និង​សកម្មភាព​នៅ​ក្នុង​វិស័យ​សុខាភិបាល ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពងាយរង គ្រោះ​របស់​ប្រជា​រាស្ត្រ​ក្នុង​គោល​បំណងមិនទុកនរណាម្នាក់ឱ្យនៅឯកោ ស្របតាមគោល​ដៅអ​ភិវឌ្ឍន៍​ប្រក​ប​ដោយ​ចីរភាព​។ ជាមួយនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បូកផ្សំនឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ បានជំរុញ ឱ្យបណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា​ផង​នោះ ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែ​ល​ជាកាលានុវត្តភាពមួយដ៏ចម្បង ដើម្បីជំរុញ​ប្រភព​កំណើន​ថ្មី​សំដៅ​ឈាន​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​ក្នុង​ការប្រែក្លាយ ប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និ​ង​ជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះតម្រូវឱ្យព្រះរាជាណាចក្រកម្ពុជា ត្រូវ​រៀប​ចំ​ខ្លួន​ជា​ស្រេចសម្រាប់ការ ឆ្លើយតបនឹងការវិវត្តដ៏ឆាប់រហ័សនេះ ក្នុង​នោះ​ប្រជា​រាស្ត្រ​ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែកឌីជីថល ដើម្បីក្លាយ ទៅជាពលរដ្ឋឌីជីថល។

រាជរដ្ឋាភិបាលអាណត្តិថ្មី បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងវិធាន ការចាំបាច់ដើម្បីបណ្តុះបណ្តាល និងកសាងមូលធនមនុស្សលើវិស័យឌីជីថល ក្នុងនោះ មាតាបិតា និង អាណាព្យាបាល គឺជាតួអង្គដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការតម្រង់ទិសកូនចៅ ជា​ពិសេស​ស្ត្រី​ និងក្មេង ស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ និងសង្គម។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះអង្គ សូមសម្តែងការកោតសរសើរ និង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំប្រកប ដោយភាពវៃឆ្លាតរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​គ្រប់​លំដាប់​ថ្នាក់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំង​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ ក្នុងដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ «បច្ចេក​វិទ្យា​ឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ និងបរិវត្ត​កម្ម​ឌីជីថល​នៃ​សេដ្ឋកិច្ច និងសង្គមកម្ពុជា។

ព្រះអង្គក៏សូមសរសើរ និងគាំទ្រក្រសួងកិច្ចការនារី គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីល​ធម៌​សង្គម​ តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែល​បាន​នឹង​កំពុង​ខិតខំ​ប្រឹង​ប្រែង​អនុវត្តន៍ ភារកិច្ចដ៏ថ្លៃថ្លា ដើម្បីស្រ្តី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធិ និងផល​ប្រយោជន៍ តាមរយៈការ ទទួលស្គាល់ ផ្តល់តម្លៃ និងចាត់ទុកស្ត្រី ក្មេងស្រីជាដៃគូដ៏សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​គ្រួសារ និងសង្គម ព្រម ទាំងជំរុញ លើកទឹកចិត្ត កសាង និងអភិវឌ្ឍន៍​សមត្ថភាព​ស្ត្រី​ក៏ដូច​ជា​ការ​ផ្តល់ឱកាសឱ្យពួកគេចូលរួមប្រកប ដោយសមភាព និង​សមធម៌​ក្នុង​គ្រប់​ការងារ​នៅ​គ្រប់​វិស័យ​។ ព្រះមហាក្សត្រីក៏បានអំពាវ នាវ និងលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ​បន្ត​យកចិត្តទុកដាក់អនុវត្តន៍ការងារជាបន្តទៀតដើម្បីវិបុលភាព និងសេចក្តី សុខចម្រើន​របស់​ជន​រួមជាតិយើង៕