សិទ្ធិមូលដ្ឋានរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន
បុគ្គលម្នាក់ៗមិនត្រូវបានគេដកសិទ្ធិសេរីភាពដោយបង្ខំបាននោះទេ ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់អន្តរជាតិផងដែរ។ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាបានការពារដល់កិត្តិយស សេរីភាព សេចក្ដីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ ដូចនេះរាល់ការចាប់ខ្លួន ឃុំខ្លួន ជាពិសេស គឺការឃាត់ខ្លួនពុំអាចធ្វើទៅបានដោយបង្ខំបាននោះទេ ពោលគឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមានតែប៉ុណ្ណោះ។
តើនៅពេលឃាត់ខ្លួន តើជនសង្ស័យមានសិទ្ធិអ្វីខ្លះតាមនីតិវិធីច្បាប់?
យោងតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ បុគ្គលណាម្នាក់ដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន ជននោះមានសិទ្ធិមួយចំនួនតាមផ្លូវច្បាប់ដើម្បីការសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់មានដូចខាងក្រោយ៖
១/សិទ្ធិដឹងពីមូលហេតុនៃការឃាត់ខ្លួន ៖
ជនដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន មានសិទ្ធិនៅក្នុងការដឹងអំពីមូលហេតុនៃការឃាត់ខ្លួន។
២/សិទ្ធិមានជំនួយពីមេធាវី ៖
សិទ្ធមានជំនួយពីមេធាវី ជាសិទ្ធិមូលដ្ឋានមួយរបស់ជនសង្ស័យដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន។ សិទ្ធិជួបមេធាវី អាចត្រូវបានធ្វើទៅបាននូវក្រោយពេលដែល រយៈពេល ២៤ ម៉ោងបានកន្លងផុតទៅគិតតាំងពីពេលផ្ដើមនៃការឃាត់ខ្លួន។ ជនសង្ស័យអាចស្នើសុំសន្ទនាជាមួយមេធាវីរបស់ខ្លួន ឬជនណាម្នាក់ដែលខ្លួនបានជ្រើសរើសបានរយៈពេល ៣០ នាទី ក្នុងលក្ខខណ្ឌធានាការសម្ងាត់។
៣/សិទ្ធិរក្សាភាពស្ងៀមស្ងាត់៖
បុគ្គលគ្រប់រូបដែលត្រូវបានឃាត់ខ្លួនមានសិទ្ធិរក្សានៅភាពស្ងៀមស្ងាត់ មិនឆ្លើយទៅនឹងសំនួររបស់មន្ត្រីនគរបាលយុត្តិធម៌បាន។
៤/សិទ្ធិមិនត្រូវបានឃាត់ខ្លួនហួសរយៈពេលកំណត់ ៖
ជនណាម្នាក់មិនត្រូវបានឃាត់ខ្លួនហួសរយៈពេលដែលបានកំណត់ដោយច្បាប់ដោយគ្មានចំណាត់ការនីតិវិធីចោទប្រកាន់ណាមួយឡើយ ដោយនៅក្នុងនោះចំពោះនីតិជន (ជនដែលមានអាយុ១៨ ឆ្នាំឡើងទៅ) មិនអាចត្រូវបានឃាត់ខ្លួនលើសពី ៤៨ ម៉ោង អាច ពន្យាបាន ២៤ ម៉ោង។ ចំពោះអនីតិជនដែលមានអាយុ ១៤ ទៅ ១៦ឆ្នាំ ចំពោះបទឧក្រិដ្ឋមិនត្រូវហួសរយៈពេល ៣៦ម៉ោង ចំពោះបទជ្ឈិម មិនត្រូវលើស ២៤ម៉ោង ឬឯអនីតិជនដែលមានអាយុ ១៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងករណីបទឧក្រិដ្ឋមិនឱ្យលើស ៤៨ម៉ោង និងករណីបទមជ្ឈិម មិនឱ្យលើសពី ៣៦ម៉ោងឡើយ ។
៥/សិទ្ធិទទួលបានជំនួយរបស់ពេទ្យ ៖
ព្រះរាជអាជ្ញា ឬមន្ត្រីនគរបាលយុត្ដិធម៌ មានសិទ្ធិសុំឱ្យគ្រូពេទ្យមកពិនិត្យជនដែលត្រូវបានឃាត់ខ្លួនបានគ្រប់ពេលវេលា។ គ្រូពេទ្យផ្ទៀងផ្ទាត់មើលថាតើស្ថានភាពសុខភាពរបស់ជនដែលត្រូវបានឃាត់ខ្លួននោះ សមស្របនឹងការឃាត់ខ្លួនដែរ ឬទេ។ ប្រសិនបើគ្រូពេទ្យពិនិត្យឃើញថា ស្ថានភាពសុខភាពរបស់បុគ្គលនោះពុំសមស្របនឹងការឃាត់ខ្លួននោះទេ មន្រ្ដីនគរបាលយុត្ដិធម៌ត្រូវជូនដំណឹងជាបន្ទាន់ដល់ព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចចុះមកទីកន្លែងនោះដោយផ្ទាល់ដើម្បីត្រួតពិនិត្យពីលក្ខខណ្ឌនៃការឃាត់ខ្លួន។