កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អបន្ថែមទៀត
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខជាដើម។
ការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់ប្រមុខដឹកនាំប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលភាគីទាំងពីរបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
នៅក្នុងកិច្ចជំនួបនោះថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងកិច្ចជំនួបនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះប្រធានាធិបតី ចូកូ វីដូដូ ចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ផងដែរ។
ក្នុងកិច្ចជំនួបនេះដែរថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលក្នុងនោះរួមមាន« វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ»។
ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត៧ទសវត្សរ៍កន្លងមកនេះ ដោយបានផ្ដល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិជាដើមនោះ៕