សង្គ្រាមលោកលើកទី៣ ! អតីតនាយករដ្ឋមន្រ្តីបារាំងថា អាចនឹងកើតឡើង
បារាំង៖ លោក Manuel Valls អតីតនាយករដ្ឋមន្ត្រីបារាំង បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Europe-1 ថាលទ្ធភាពនៃជម្លោះអ៊ុយក្រែន ដែលកើនឡើងទៅជាសង្គ្រាមលោកលើកទី 3 គឺមិនអាចបដិសេធបានទេ។
យោងតាមលោក Valls ជោគវាសនារបស់ប្រជាជនបារាំង និងអ្នកផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុបគឺ “ជាប់ទាក់ទងយ៉ាងជិតស្និទ្ធ” ទៅនឹងអរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលមានន័យថា ពួកគេគួរតែ “ធ្វើសកម្មភាពឱ្យកាន់តែច្បាស់លាស់” ដើម្បីគាំទ្រអ៊ុយក្រែន រួមទាំងផ្នែកយោធាផងដែរ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។
លោក Valls បាននិយាយថា “យើងមិនអាចទទួលយកនូវសម្មតិកម្ម នៃជ័យជម្នះមួយសម្រាប់លោក Vladimir Putin ដែលនឹងតំណាងឱ្យការបញ្ចប់ នៃលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន និងការបរាជ័យជាយុទ្ធសាស្ត្រ យោធា នយោបាយ និងសីលធម៌របស់អឺរ៉ុប” បានទេ។
លោកបានបន្ថែមថា “ការយកឈ្នះលើរុស្ស៊ីគឺចាំបាច់ ហើយសម្រាប់រឿងនោះ យើងត្រូវធ្វើសកម្មភាព ឲ្យបានខ្លាំងក្លា និងឆាប់រហ័ស ហើយមិនត្រូវហាមឃាត់ អ្វីឡើយ” ដោយជាក់ស្តែងលោកសំដៅលើការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron នាពេលថ្មីៗនេះ ដែលថា ការបញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែន មិនគួរត្រូវបានបដិសេធ នោះឡើយ ។
បន្ទាប់ពីការកត់សម្គាល់របស់លោក Macron កាលពីដើមសប្តាហ៍នេះ គឺមានប្រទេសជាច្រើនរួមមានប៉ូឡូញ អាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ីតាលី ចក្រភពអង់គ្លេស និងសមាជិកណាតូផ្សេងទៀត បានច្រានចោលគំនិតដែលថា ពួកគេអាចដាក់ពង្រាយកងកម្លាំងទៅកាន់អ៊ុយក្រែន។ ប្រធានប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកគឺលោក Jens Stoltenberg ក៏បានច្រានចោលសេណារីយ៉ូបែបនេះដែរ៕