កម្ពុជាប្តេជ្ញា លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយដើម្បីមិត្តភាព និងសន្តិភាព

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាខិតខំលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ដើម្បីជាស្ពានតភ្ជាប់ក្នុងការគោរពគ្នាទៅវិញទៅមក ហើយក៏ដើម្បីបង្កើនសាមគ្គីភាព មិត្តភាព និងសន្តិភាពផងដែរ។

តាមរយៈសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ៣មីនាលើកទី២៦ ឆ្នាំ២០២៤នេះ ស្របតាមទិស ស្លោក«កម្ពុជា ព្រះរាជាណាចក្រវប្បធម៌» សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាជរដ្ឋាភិបាលប្តេជ្ញាលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅកាន់ប្រទេស មួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាពជាដើម»។

សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការ លើកកម្ពស់តម្លៃចំពោះវប្បធម៌អរិយធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះដែរ រាជរដ្ឋាភិបាលសម្រេចរៀបចំ«ទិវាវប្បធម៌ជាតិ» ៣មីនា លើកទី២៦ ឆ្នាំ២០២៤នេះ ដោយបន្តរក្សាប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុង គោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឲ្យចូលរួមកាន់ តែសកម្មបន្ថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិ ដោយរាជរដ្ឋាភិបាលលើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុសឲ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង្សរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុជាដើម។

តាមរយៈសារាចរនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្តេជ្ញាបង្កើនការយល់ដឹងអំពីតម្លៃដ៏ មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិលផលវប្បធម៌ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដែលរួមចំណែកក្នុងការបង្កើតការងារតឲ្យកាន់តែច្រើនដែលជួយបង្កើនប្រាក់ចំណូលនិង រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

លើកទឹកចិត្តដល់ស្មារតីសហគ្រិនភាព និងការបង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុងចំណោម យុវជនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដែលជាសក្តានុពលមួយនៃប្រ ភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណងធានាឲ្យបាននូវការផ្ទេរចំណេះដឹង និងជំនាញប្រពៃណីដល់យុវជនជំនាន់ក្រោយៗទៀត។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាលើកកម្ពស់ភាពច្នៃប្រឌិតនិងនវានុវត្តន៍ នៅក្នុង ការងារអភិវឌ្ឍសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីបង្កើន ភាពទាក់ទាញ និងផ្តល់ភាពងាយស្រួលដល់ការចូលរួមក្នុងសិកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេសកុមារ យុវជន ស្រ្តី មនុស្សចាស់ និងជនមានពិការភាពក្រោមទិសស្លោក«សិល្បៈវប្បធម៌សម្រាប់ យើងទាំងអស់គ្នា»៕