ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាទីក្រុងម៉ែលប៊ន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនង​ដៃគូ​សន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។

អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម​បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និងមន្ត្រី សំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

កិច្ច​ប្រជុំ​កំពូល​ពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និង​ធ្វើ​ឱ្យ​ទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​អាទិភាព​សំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោង​នឹងអនុម័តសេចក្ដីថ្លែង ការណ៍ទីក្រុងម៉ែលប៊ន និង​សេចក្តី​ប្រកាស​ចក្ខុ​វិស័យ​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន-អូស្ត្រាលី។

ស្របពេល​នៃ​​ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្ដេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម អនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បី​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង ទ្វេភាគីបន្ថែមទៀត៕