បណ្ដឹងដិតចិត្ត គឺជាប្រភេទមួយនៃបណ្ដឹងសុំដកហូតចៅក្រមចេញពីសំណុំរឿងដោយសារមានមូលហេតុ និងកាលៈទេសៈមួយចំនួនដែលអាចនាំឱ្យមានការលំអៀងក្នុងការសម្រេចសេចក្ដី។

នៅក្នុងទម្រង់នៃលិខិតពាក្យបណ្ដឹងដិតចិត្ត ភាគីនៃសំណុំរឿងក្ដីត្រូវសរសេរឱ្យបានច្បាស់លាស់នូវមូលហេតុ នៃបណ្ដឹងដិតចិត្ត ព្រមទាំងមានភស្តុតាងដើម្បីបញ្ជាក់ និងគាំទ្រ​លើបណ្ដឹងដិតចិត្តរបស់ខ្លួនផងដែរ បើមិនដូច្នេះទេពាក្យបណ្ដឹងដិតចិត្តនឹងត្រូវបានបដិសេធដោយតុលាការជាមិនខាន។
នៅក្នុងរឿងក្ដីព្រហ្មទណ្ឌបណ្ដឹងដិតចិត្តអាចអនុវត្តបានតែទៅលើចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ឬយើងអាចនិយាយជារួមថា “ចៅក្រមអាសនៈ”។
ភាគីដែលមានបំណងចង់ប្ដឹងដិតចិត្តចៅក្រមអាសនៈ ណាមួយត្រូវតែដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរជូនតុលាការ ចាប់តាំងពីពេលដែលខ្លួនបានដឹងពីមូលហេតុនៃការប្ដឹងដិតចិត្ត បើមិនដូច្នេះទេ បណ្ដឹងដិតចិត្តមិនអាចទទួលយកបាននោះទេ។ ភាគីដែលមានបំណងប្ដឹងដិតចិត្តចៅក្រមណាមួយ ត្រូវធ្វើឱ្យបានមុនការបិទការពិភាក្សាដេញដោល។
ចំពោះយុត្តាធិការដែលមានសមត្ថកិច្ចក្នុងការទទួលពាក្យបណ្ដឹងដិតចិត្តគឺខុសគ្នាទៅតាមប្រភេទនៃសាលាជំនុំជម្រះក្ដី។ ភាគីត្រូវជូនពាក្យប្ដឹង៖
– ទៅប្រធានសាលាឧទ្ធរណ៍ កាលណាពាក្យប្ដឹងដិតចិត្តនោះទាក់ទងដល់ប្រធាន ឬចៅក្រមតុលាការជាន់ដំបូង។
– ទៅប្រធានតុលាការកំពូល កាលបើពាក្យប្ដឹងដិតចិត្តនោះទាក់ទងដល់ចៅក្រមនៃតុលាការកំពូល ដល់ប្រធានសាលាឧទ្ធរណ៍ ឬចៅក្រមណាមួយនៃសាលាឧទ្ធរណ៍។
– ក្នុងករណីពាក្យប្ដឹងដិតចិត្តទៅលើប្រធានតុលាការកំពូលនោះ ប្រធានតុលាការកំពូលត្រូវសម្រេចតាមសម្បជញ្ញៈថា ត្រូវ ឬមិនត្រូវដកខ្លួនពីការជំនុំជម្រះ។
ចំពោះមូលហេតុដែលនាំឱ្យមានការប្ដឹងដិតចិត្តរួមមាន
– កាលណាចៅក្រម ឬសហព័ន្ធរបស់ចៅក្រម ឬ អតីតសហព័ទ្ធរបស់ចៅក្រមជាភាគីណាមួយនៃរឿងក្ដី។
– កាលណាចៅក្រម ជាញាតិលោហិតរហូតដល់ថ្នាក់ទី ៦ ឬ ញាតិពន្ធរហូតដល់ថ្នាក់ទី ៣ ឬអតីតញាតិពន្ធរហូតដល់ថ្នាក់ទី ៣ របស់ភាគីណាមួយ។
– កាលណាចៅក្រម ជាអ្នកអាណាព្យាបាលរបស់ភាគីណាមួយ។
– កាលណាចៅក្រម ដែលទទួលបន្ទុករឿងក្ដីធ្លាប់ ឬកំពុងមានវិវាទនៅតុលាការជាមួយភាគីណាមួយ។
– កាលណាចៅក្រម បានធ្វើជាសាក្សី ឬអ្នកជំនាញក្នុងរឿងក្ដី។
– កាលណាចៅក្រម ជាឬធ្លាប់ជាអ្នកតំណាង ឬអ្នកជំនួយឱ្យភាគីចំពោះរឿងក្ដី ឬ
– កាលណាចៅក្រម បានចូលរួមក្នុងការសម្រេចសេចក្ដីក្នុងនាមជាមជ្ឈត្តករចំពោះរឿងក្ដី ឬបានចូលរួមក្នុងការសម្រេចសេចក្ដីនៅសាលាដំបូងដែលបានប្ដឹងឧបាស្រ័យ ឬជំនុំជម្រះនៃបណ្ដឹងឧទ្ធរណ៍ ដែលបានឧបាស្រ័យ ឬបានបង្ហាញមតិយោបល់ណែនាំផ្នែកច្បាប់ចំពោះរឿងក្ដី។
មាត្រា ៩៥៨.- មោឃភាពនៃអាពាហ៍ពិពាហ៍ (ក្រមរដ្ឋប្បវេណី)អាពាហ៍ពិពាហ៍នឹងត្រូវចាត់ទុកជាមោឃៈតែក្នុងករណីដូចកំណត់ខាងក្រោមនេះ ÷
ក-ប្រសិនបើគ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍ រវាងភាគី ដោយសារការភាន់ច្រឡំ
លើមនុស្ស ការបង្ខំ និង មូលហេតុផេ្សងៗទៀត ។
ខ-ប្រសិនបើភាគី មិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជា
សាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ឬ មិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ។ ប៉ុន្ដែ ប្រសិនបើគ្រាន់តែមានវិការៈតែបន្ដិចបន្ដួចលើនីតិវិធីប៉ុណ្ណោះទេ អានុភាពនៃអាពាហ៍ពិពាហ៍នេះ មិនត្រូវបានរារាំងដោយសារហេតុនោះឡើយ ។